អេម៉ុស 4:5-11 KHOV

5 ត្រូវ​ឲ្យ​បូជា​ថ្វាយ​នំបុ័ង ដែល​មាន​ដំបែរ​ទុក​ជា​ដង្វាយ​អរ​ព្រះ‌គុណ ហើយ​ប្រកាស​ប្រាប់​យ៉ាង​ច្បាស់​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​ឯង​រាល់​គ្នា​គាប់​ចិត្ត​យ៉ាង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា។

6 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ក៏​ឲ្យ​ឯង​រាល់​គ្នា​មាន​ធ្មេញ​ស្អាត នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​ឯង ហើយ​ឲ្យ​ខ្វះ​ខាត​អាហារ​នៅ​គ្រប់​ទី​កន្លែង​របស់​ឯង ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​មិន​បាន​វិល​ត្រឡប់​មក​ឯ​អញ​ដែរ

7 អញ​បាន​ទាំង​បិទ​ទប់ មិន​បង្អុរ​ភ្លៀង​ដល់​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​នៅ​ខ្វះ​តែ​៣​ខែ​នឹង​ដល់​រដូវ​ចំរូត​ហើយ​ផង អញ​បាន​ឲ្យ​ភ្លៀង​ធ្លាក់​ទៅ​លើ​ទី​ក្រុង​១ ហើយ​មិន​ឲ្យ​ធ្លាក់​ទៅ​លើ​ទី​ក្រុង​១​ទៀត ស្រែ​១​មាន​ភ្លៀង​ធ្លាក់ ហើយ​១​ទៀត​ដែល​ឥត​មាន​ក៏​ស្វិត​ក្រៀម​ទៅ

8 បាន​ជា​ទី​ក្រុង​២ ឬ​៣​ក៏​ដើរ​ចច្រប់​ទៅ​ឯ​ទី​ក្រុង​១ ដើម្បី​ផឹក​ទឹក តែ​មិន​បាន​ឆ្អែត​ឡើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ​គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ

9 អញ​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា ដោយ​ស្រូវ​ស្កក ហើយ​ក្រាចាប់ ឯ​អស់​ទាំង​សួន និង​ចំការ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ដើម​ល្វា និង​ដើម​អូលីវ​ដ៏​បរិបូរ​របស់​ឯង​រាល់​គ្នា នោះ​ដង្កូវ​បាន​ស៊ី​បំផ្លាញ​អស់​ទៅ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ

10 អញ​បាន​ចាត់​ប្រើ​អាសន្ន‌រោគ​ឲ្យ​មក​នៅ​កណ្តាល​ឯង​រាល់​គ្នា បែប​ដូច​ជា​នៅ​ស្រុក​អេស៊ីព្ទ អញ​បាន​ប្រហារ​ជីវិត​ពួក​កំឡោះៗ​របស់​ឯង​រាល់​គ្នា​ដោយ​ដាវ ហើយ​បាន​ដឹក​សេះ​ទាំង​ប៉ុន្មាន​របស់​ឯង​ទៅ​បាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​ក្លិន​ស្អុយ​ពី​ទី​បោះ​ទ័ព​របស់​ឯង បាន​សាយ​ឡើង​ដល់​ច្រមុះ​របស់​ឯង​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ

11 អញ​បាន​បំផ្លាញ​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា ដូច​កាល​ព្រះ​ទ្រង់​បាន​បំផ្លាញ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា ហើយ​ឯង​រាល់​គ្នា​បាន​ដូច​ជា​អង្កត់​ឱស ដែល​គេ​កន្ត្រាក់​រោច​ចេញ​ពី​ភ្លើង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​រាល់​គ្នា​មិន​បាន​វិល​មក​ឯ​អញ​វិញ​ដែរ។