អេម៉ុស 5:3-9 KHOV

3 ដ្បិត​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ទី​ក្រុង​ណា​ដែល​លើក​ទ័ព​១​ពាន់​ចេញ​ទៅ នោះ​នឹង​សល់​នៅ​តែ​១​រយ​វិញ ហើយ​ទី​ក្រុង​ដែល​មាន​១​រយ​ចេញ​ទៅ នោះ​នឹង​សល់​នៅ​តែ​១០​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទេ។

4 ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ដូច្នេះ​ថា ចូរ​ស្វែង​រក​អញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ

5 កុំ​ឲ្យ​រក​ដល់​បេត-អែល ឬ​ចូល​ទៅ​ក្នុង​គីលកាល​ឡើយ ក៏​កុំ​ឲ្យ​រំលង​ទៅ​ដល់​បៀរ-សេបា​ដែរ ពី​ព្រោះ​គីលកាល​នឹង​ត្រូវ​ទៅ​ជា​ឈ្លើយ​ពិត ហើយ​បេត-អែល​នឹង​ត្រូវ​សូន្យ​បាត់​ទៅ

6 ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា​វិញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ ក្រែង​ទ្រង់​កាត់​ឆេះ​ឡើង ដូច​ជា​ភ្លើង​នៅ​ក្នុង​វង្ស​យ៉ូសែប ហើយ​បញ្ឆេះ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​នៅ​បេត-អែល ដែល​អាច​នឹង​ពន្លត់​បាន​ឡើយ

7 ម្នាល​ឯង​រាល់​គ្នា​ដែល​បំផ្លាស់​បំប្រែ​សេចក្តី​យុត្តិ‌ធម៌ ឲ្យ​ទៅ​ជា​ស្លែង ហើយ​បោះ​សេចក្តី​សុចរិត​ចុះ​ដល់​ដី

8 ចូរ​ស្វែង​រក​ព្រះ​ដែល​ទ្រង់​បាន​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នាយ​ព្រាន ក៏​ធ្វើ​ឲ្យ​ម្លប់​នៃ​សេចក្តី​ស្លាប់​ប្រែ​ទៅ​ជា​ព្រលឹម​ស្រាង ហើយ​ឲ្យ​ថ្ងៃ​ត្រឡប់​ទៅ​ជា​យប់​វិញ ព្រម​ទាំង​ហៅ​ទឹក​សមុទ្រ​មក រួច​ចាក់​ទៅ​លើ​ផែនដី ព្រះ‌នាម​ទ្រង់ គឺ​ព្រះ‌យេហូវ៉ា

9 ទ្រង់​នាំ​ការ​បំផ្លាញ​មក​លើ​មនុស្ស​ខ្លាំង​ពូកែ​ភ្លាម​១​រំពេច ដល់​ម៉្លេះ​បាន​ជា​ទាំង​បន្ទាយ​ក៏​ត្រូវ​បំផ្លាញ​ផង។