1 ព្រះអម្ចាស់យេហូវ៉ា ទ្រង់ក៏បង្ហាញខ្ញុំដូច្នេះ មើល មានកំប្រោង១ពេញដោយផ្លែរដូវក្តៅ
2 ហើយទ្រង់មានព្រះបន្ទូលសួរខ្ញុំថា អេម៉ុសអើយ ឯងឃើញអ្វី នោះខ្ញុំទូលឆ្លើយថា ឃើញកំប្រោងពេញដោយផ្លែរដូវក្តៅ រួចព្រះយេហូវ៉ាទ្រង់ប្រាប់ខ្ញុំថា ចុងបំផុតបានមកដល់អ៊ីស្រាអែល ជារាស្ត្រអញហើយ អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ
3 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះបទចំរៀងដែលច្រៀងនៅក្នុងព្រះវិហារ នឹងត្រឡប់ជាសំរែកទ្រហោយំវិញ នឹងមានសាកសពយ៉ាងសន្ធឹកនៅគ្រប់ទីកន្លែង គេនឹងបោះសពទាំងនោះចេញដោយស្ងៀមស្ងាត់។
4 ម្នាល ពួកអ្នកដែលចង់លេបមនុស្សកំសត់ទុគ៌តទៅ ដើម្បីនឹងធ្វើឲ្យមនុស្សក្រីក្រនៅក្នុងស្រុកបាត់ចេញ
5 ដោយពាក្យថា តើដល់កាលណាបានផុតពីថ្ងៃបុណ្យចូលខែទៅ ដើម្បីឲ្យយើងបានលក់ស្រូវ ហើយនឹងថ្ងៃឈប់សំរាកដែរ ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី ព្រមទាំងធ្វើបង្រួមរង្វាល់ ហើយដំឡើងថ្លៃ រួចឆបំបាត់ដោយជញ្ជីងមិនត្រឹមត្រូវ
6 ប្រយោជន៍ឲ្យបានទិញមនុស្សក្រីក្រដោយប្រាក់ និងមនុស្សកំសត់ទុគ៌ត ដោយស្បែកជើង១សំរាប់ ព្រមទាំងលក់សំដីស្រូវផង ចូរស្តាប់សេចក្តីនេះចុះ
7 ព្រះយេហូវ៉ាទ្រង់បានស្បថដោយសិរីល្អនៃយ៉ាកុបថា ពិតប្រាកដជាអញនឹងមិនដែលភ្លេចអំពើរបស់គេណា១ឡើយ