3 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះបទចំរៀងដែលច្រៀងនៅក្នុងព្រះវិហារ នឹងត្រឡប់ជាសំរែកទ្រហោយំវិញ នឹងមានសាកសពយ៉ាងសន្ធឹកនៅគ្រប់ទីកន្លែង គេនឹងបោះសពទាំងនោះចេញដោយស្ងៀមស្ងាត់។
4 ម្នាល ពួកអ្នកដែលចង់លេបមនុស្សកំសត់ទុគ៌តទៅ ដើម្បីនឹងធ្វើឲ្យមនុស្សក្រីក្រនៅក្នុងស្រុកបាត់ចេញ
5 ដោយពាក្យថា តើដល់កាលណាបានផុតពីថ្ងៃបុណ្យចូលខែទៅ ដើម្បីឲ្យយើងបានលក់ស្រូវ ហើយនឹងថ្ងៃឈប់សំរាកដែរ ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី ព្រមទាំងធ្វើបង្រួមរង្វាល់ ហើយដំឡើងថ្លៃ រួចឆបំបាត់ដោយជញ្ជីងមិនត្រឹមត្រូវ
6 ប្រយោជន៍ឲ្យបានទិញមនុស្សក្រីក្រដោយប្រាក់ និងមនុស្សកំសត់ទុគ៌ត ដោយស្បែកជើង១សំរាប់ ព្រមទាំងលក់សំដីស្រូវផង ចូរស្តាប់សេចក្តីនេះចុះ
7 ព្រះយេហូវ៉ាទ្រង់បានស្បថដោយសិរីល្អនៃយ៉ាកុបថា ពិតប្រាកដជាអញនឹងមិនដែលភ្លេចអំពើរបស់គេណា១ឡើយ
8 ដោយហេតុទាំងនោះ តើស្រុកមិនញាប់ញ័រទេឬអី ហើយគ្រប់ទាំងមនុស្សនៅក្នុងស្រុក តើមិនសោយសោកឬ អើស្រុកនេះទាំងមូលនឹងឡើងលិចដូចទន្លេធំ នឹងចំរើនដី ហើយស្រោចស្រព រួចស្រកទៅវិញ ដូចជាទន្លេនៃស្រុកអេស៊ីព្ទ
9 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះអញនឹងធ្វើឲ្យព្រះអាទិត្យលិចទៅ នៅពេលថ្ងៃត្រង់ ឲ្យផែនដីបានទៅជាងងឹត កំពុងដែលមេឃនៅស្រឡះផង