1 ខ្ញុំក៏ឃើញព្រះអម្ចាស់ទ្រង់ឈរក្បែរអាសនា ហើយទ្រង់បង្គាប់ថា ចូរវាយក្បាលសសរឲ្យជើងត្រូវញ័រ ហើយបំបែកនៅលើក្បាលរបស់មនុស្សទាំងអស់ រួចពួកអ្នកដែលសល់ អញនឹងប្រហារដោយដាវ ឥតមានអ្នកណា១ដែលរត់ទៅបាន ឬអ្នកណាដែលនឹងរួចឡើយ
2 ទោះបើគេជីកទំលុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ក៏ដោយ គង់តែដៃអញនឹងចាប់គេមកពីទីនោះដែរ ហើយទោះបើគេប្រឹងឡើងទៅដល់ស្ថានសួគ៌ គង់តែអញនឹងនាំគេចុះពីនោះមកវិញ
3 ទោះបើគេពួនខ្លួននៅលើកំពូលភ្នំកើមែលក៏ដោយ គង់តែអញនឹងរកគេ ហើយចាប់នាំចេញពីទីនោះមក ទោះបើបានលាក់កំបាំងពីភ្នែកអញនៅទីបាតាលនៃសមុទ្រក៏ដោយ គង់តែអញនឹងបង្គាប់ដល់នាគ ហើយវានឹងចឹកគេនៅទីនោះ
4 ទោះបើគេត្រូវចាប់ទៅជាឈ្លើយនៅពីមុខខ្មាំងសត្រូវ គង់តែអញនឹងបង្គាប់ដល់ដាវ ហើយដាវនឹងសំឡាប់គេនៅទីនោះដែរ អើ អញនឹងផ្តោតភ្នែកទៅឯគេ សំរាប់ការអាក្រក់ មិនមែនជាការល្អទេ។
5 ដ្បិតព្រះអម្ចាស់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់ជាព្រះដែលគ្រាន់តែពាល់ផែនដី នោះផែនដីក៏រលាយទៅ ហើយអស់អ្នកដែលអាស្រ័យនៅ ក៏នឹងសោកសៅ ឯស្រុកគេទាំងមូលនឹងឡើងដូចជាទន្លេធំ រួចស្រកទៅវិញដូចជាទន្លេនៃស្រុកអេស៊ីព្ទ
6 ឯព្រះដែលបានសាងអស់ទាំងស្ថានដ៏ខ្ពស់របស់ទ្រង់ នៅលើស្ថានសួគ៌ ហើយតាំងជីវិតទាំងឡាយ ឲ្យនៅផែនដី ក៏តែងតែបង្គាប់ទឹកសមុទ្រឲ្យឡើងទៅលើ រួចចាក់មកលើផែនដីវិញ ទ្រង់ព្រះនាមជា «ព្រះយេហូវ៉ា»។