អេម៉ុស 9:6-12 KHOV

6 ឯ​ព្រះ​ដែល​បាន​សាង​អស់​ទាំង​ស្ថាន​ដ៏​ខ្ពស់​របស់​ទ្រង់ នៅ​លើ​ស្ថាន‌សួគ៌ ហើយ​តាំង​ជីវិត​ទាំង‌ឡាយ ឲ្យ​នៅ​ផែនដី ក៏​តែង​តែ​បង្គាប់​ទឹក​សមុទ្រ​ឲ្យ​ឡើង​ទៅ​លើ រួច​ចាក់​មក​លើ​ផែនដី​វិញ ទ្រង់​ព្រះ‌នាម​ជា «ព្រះ‌យេហូវ៉ា»។

7 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ តើ​ឯង​រាល់​គ្នា​មិន​មែន​ដូច​ជា​ពួក​កូន​ចៅ​របស់​សាសន៍​អេធីយ៉ូពី​ដល់​អញ​ទេ​ឬ តើ​មិន​មែន​អញ​ដែល​នាំ​ពួក​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ និង​ពួក​ភីលីស្ទីន​ពី​ស្រុក​កាប់ថោរ ហើយ​ពួក​ស៊ីរី​ពី​ស្រុក​គារ​ទេ​ឬ​អី

8 មើល ព្រះ‌នេត្រ​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា ក៏​ទត​ឃើញ​នគរ​នេះ ដែល​មាន​បាប ហើយ​អញ​នឹង​បំផ្លាញ​ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ តែ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​មិន​បំផ្លាញ​ពួក​វង្ស​យ៉ាកុប​អស់​រលីង​ទេ

9 ដ្បិត​មើល អញ​នឹង​បង្គាប់​ហើយ​នឹង​រែង​ពួក​វង្ស​អ៊ីស្រា‌អែល​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដូច​ជា​គេ​រែង​អង្ករ​នៅ​ក្នុង​កញ្ច្រែង ឥត​មាន​គ្រាប់​ណា​១​ធ្លាក់​ដល់​ដី​ឡើយ

10 អស់​អ្នក​មាន​បាប​ក្នុង​រាស្ត្រ​អញ ដែល​ពោល​ថា ការ​អាក្រក់​នឹង​តាម​យើង​មិន​ទាន់ ឬ​ប្រទះ​នឹង​យើង​ឡើយ គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ។

11 នៅ​ថ្ងៃ​នោះ​អញ​នឹង​លើក​ទី​លំនៅ​របស់​ដាវីឌ​ឡើង​វិញ គឺ​ជា​ទី​ដែល​ត្រូវ​រលំ ហើយ​នឹង​បិទ​ចន្លោះ​បាក់​បែក​ឲ្យ​ជិត អញ​នឹង​លើក​ទី​ខូច​បង់​ឡើង ហើយ​សង់​ឡើង​ឲ្យ​ដូច​ជា​កាល​ពី​ដើម

12 ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ជា​ម្ចាស់ លើ​សំណល់​នៃ​សាសន៍​អេដំម និង​អស់​ទាំង​សាសន៍​ផ្សេងៗ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ធ្វើ​ការ​ទាំង​នេះ