2 នោះសេកានា កូនយេហ៊ីអែល ជាកូនចៅអេឡាំ គាត់និយាយទៅអែសរ៉ាថា យើងរាល់គ្នាបានរំលងទាស់នឹងព្រះនៃយើងខ្ញុំហើយ ដោយបានយកប្រពន្ធជាស្រីសាសន៍ដទៃ ជាពួកស្រីនៅស្រុកនេះ ប៉ុន្តែ នៅមានទីសង្ឃឹមដល់ពួកអ៊ីស្រាអែល ពីដំណើរនេះដែរ
3 ដូច្នេះ សូមឲ្យយើងរាល់គ្នាចុះសញ្ញានឹងព្រះនៃយើងឥឡូវ ឲ្យលែងអស់ទាំងប្រពន្ធ និងកូនទាំងប៉ុន្មានដែលកើតពីនាងទាំងនោះ តាមឱវាទនៃលោកម្ចាស់ខ្ញុំ និងពួកអ្នកដែលញាប់ញ័រចំពោះក្រឹត្យក្រមរបស់ព្រះនៃយើងខ្ញុំ សូមឲ្យការនោះបានសំរេចតាមក្រឹត្យវិន័យ
4 សូមលោកក្រោកឡើង ពីព្រោះការនេះស្រេចនៅលោក ហើយយើងខ្ញុំក៏នៅជាមួយនឹងលោកដែរ សូមឲ្យមានចិត្តក្លាហានឡើង ហើយសំរេចការទៅ។
5 ដូច្នេះ អែសរ៉ាក៏ក្រោកឡើង ឲ្យអស់ទាំងមេពួកសង្ឃ ពួកលេវី និងពួកអ៊ីស្រាអែលទាំងអស់ ស្បថនឹងធ្វើតាមពាក្យនោះ គេក៏ស្បថ
6 រួចអែសរ៉ាក្រោកឡើងនៅមុខព្រះវិហារនៃព្រះ ចូលទៅក្នុងបន្ទប់របស់យ៉ូហាណានជាកូនរបស់អេលីយ៉ាស៊ីបទៅ តែកាលលោកបានចូលទៅហើយ លោកមិនបានបរិភោគអាហារអ្វីឡើយ ដ្បិតលោកមានសេចក្តីសៅសោក ដោយព្រោះអំពើរំលងរបស់ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ
7 ដូច្នេះ គេក៏ប្រកាសប្រាប់ទួទៅគ្រប់ក្នុងស្រុកយូដា និងក្រុងយេរូសាឡិម ដល់ពួកអ្នកទាំងប៉ុន្មាន ដែលរួចពីសណ្ឋានជាឈ្លើយ ឲ្យគេមូលមកឯក្រុងយេរូសាឡិមគ្រប់គ្នា
8 ហើយ បើអ្នកណាមិនមកក្នុងកំណត់៣ថ្ងៃ តាមបង្គាប់របស់ពួកអ្នកជាប្រធាន និងពួកចាស់ទុំ នោះនឹងត្រូវរឹបយកទ្រព្យសម្បត្តិរបស់អ្នកនោះអស់រលីងទៅ ហើយខ្លួនអ្នកនោះនឹងត្រូវកាត់ចេញពីពួកជំនុំរបស់ពួកអ្នក ដែលរួចពីសណ្ឋានជាឈ្លើយផង។