9 ដូច្នេះ ពួកយូដា និងបេនយ៉ាមីន ក៏មូលគ្នាមកឯក្រុងយេរូសាឡិមទាំងអស់ ក្នុងកំណត់៣ថ្ងៃនោះ គឺត្រូវជាថ្ងៃ២០ខែមិគសិរ ឯមនុស្សទាំងនោះគេអង្គុយត្រង់ទីធ្លា នៅមុខព្រះវិហារនៃព្រះ ទាំងញ័រដោយព្រោះដំណើរនោះ ហើយដោយព្រោះភ្លៀងធំផង
10 នោះអែសរ៉ាដ៏ជាសង្ឃ លោកឈរឡើងនិយាយទៅគេថា អ្នករាល់គ្នាបានប្រព្រឹត្តរំលង ដោយយកប្រពន្ធជាស្រីសាសន៍ដទៃ ជាការដែលចំរើនទោសដល់សាសន៍អ៊ីស្រាអែល
11 ដូច្នេះ ចូរលន់តួដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោអ្នករាល់គ្នា ឥឡូវទៅ ហើយប្រព្រឹត្តតាមដែលទ្រង់សព្វព្រះហឫទ័យចុះ ត្រូវឲ្យញែកខ្លួនពីពួកអ្នកនៅស្រុកនេះ ហើយពីស្រីសាសន៍ដទៃចេញ
12 ពួកជំនុំទាំងអស់គ្នាក៏ឆ្លើយតបឡើង ដោយសំឡេងយ៉ាងខ្លាំងថា យើងខ្ញុំត្រូវតែធ្វើតាម ដូចជាលោកមានប្រសាសន៍ហើយ
13 ប៉ុន្តែ បណ្តាជននេះមានគ្នាច្រើនណាស់ ហើយនេះជារដូវភ្លៀងច្រើនផង យើងខ្ញុំឈរនៅខាងក្រៅពុំបានទេ ហើយនេះក៏មិនមែនជាការដែលសំរេចបានក្នុង១ថ្ងៃ ឬ២ថ្ងៃដែរ ពីព្រោះយើងខ្ញុំបានរំលងយ៉ាងសន្ធឹក ក្នុងដំណើរនេះហើយ
14 ដូច្នេះ សូមឲ្យពួកអ្នកជាប្រធានក្នុងពួកយើងខ្ញុំបានឈរដំណាងពួកជំនុំទាំងអស់ រួចឲ្យអស់អ្នកនៅទីក្រុងយើងខ្ញុំទាំងប៉ុន្មាន ដែលបានយកប្រពន្ធ ជាស្រីសាសន៍ដទៃ មកតាមវេលាកំណត់ ហើយឲ្យមានពួកចាស់ទុំក្នុងទីក្រុងនីមួយៗ និងពួកចៅក្រមមកជាមួយផង ដរាបដល់សេចក្តីក្រេវក្រោធដ៏សហ័សរបស់ព្រះនៃយើងខ្ញុំ បានបែរចេញពីយើងខ្ញុំក្នុងដំណើរនេះទៅ
15 មានតែយ៉ូណាថាន ជាកូនអេសាអែល ហើយនឹងយ៉ាហាសយ៉ា ជាកូនធីកវ៉ា ដែលតាំងខ្លួនទាស់នឹងដំណើរនោះ ហើយមានមស៊ូឡាម និងសាបថាយ ជាពួកលេវីបានជួយខាង២នាក់នោះដែរ។