4 គេធ្វើបុណ្យបារាំ ដូចជាបានកត់ទុកហើយ ក៏ថ្វាយដង្វាយដុតរាល់តែថ្ងៃ ឲ្យត្រូវចំនួនតាមរបៀប តាមដែលត្រូវការរាល់ៗថ្ងៃ
5 តពីនោះមក ក៏ថ្វាយដង្វាយដុតដែលត្រូវថ្វាយជានិច្ច និងដង្វាយចូលខែ ហើយដង្វាយថ្ងៃបុណ្យមានកំណត់ទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលបានតាំងឡើងជាបរិសុទ្ធ ព្រមទាំងដង្វាយរបស់អស់អ្នកដែលថ្វាយដល់ព្រះយេហូវ៉ា ដោយស្ម័គ្រពីចិត្តដែរ
6 គេចាប់តាំងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា គឺពីថ្ងៃដំបូង ក្នុងខែអស្សុជ តែជើងជញ្ជាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ា មិនទាន់បានដាក់នៅឡើយ
7 គេជួលពួកជាងថ្ម និងពួកជាងឈើ ក៏ឲ្យស្បៀងអាហារ និងគ្រឿងផឹក ហើយប្រេងដល់ពួកក្រុងស៊ីដូន និងពួកក្រុងទីរ៉ុស ឲ្យគេទៅនាំឈើតាត្រៅពីភ្នំល្បាណូន មកឯក្រុងយ៉ុបប៉េតាមផ្លូវសមុទ្រ ដូចជាស៊ីរូស ជាស្តេចពើស៊ី បានប្រោសអនុញ្ញាតឲ្យ។
8 នៅខែពិសាខ ក្នុងឆ្នាំទី២ តាំងពីគេមកដល់ព្រះវិហារនៃព្រះ នៅក្រុងយេរូសាឡិម នោះសូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងពួកសង្ឃ និងពួកលេវី ជាបងប្អូនគេឯទៀត ហើយអស់ពួកអ្នក ដែលបានចេញពីសណ្ឋានជាឈ្លើយ មកដល់ក្រុងយេរូសាឡិមហើយ គេចាប់តាំងធ្វើការឡើង ក៏ដំរូវឲ្យពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅ បានចាត់ចែងការរបស់ព្រះវិហារនៃព្រះយេហូវ៉ា
9 នោះយេសួរ និងពួកកូនចៅ ហើយបងប្អូនលោក អ័ឌីអែល និងកូនចៅលោកដែលជាពួកយូដា និងពួកកូនរបស់ហេណាដាឌ ព្រមទាំងកូនចៅគេ និងពួកលេវី ជាបងប្អូនគេផង ក៏ប្រឹងប្រែងត្រួតមើលពួកជាង ដែលធ្វើការក្នុងព្រះវិហារនៃព្រះ។
10 កាលពួកជាងកំពុងតែដាក់ជើងជញ្ជាំង របស់ព្រះវិហារនៃព្រះយេហូវ៉ាចុះ នោះគេចាត់ពួកសង្ឃ ឲ្យស្លៀកពាក់ប្រដាប់សង្ឃ ហើយកាន់ត្រែ ព្រមទាំងពួកលេវី ជាកូនចៅអេសាភ ឲ្យកាន់ឈឹង ដើម្បីសរសើរដល់ព្រះយេហូវ៉ា តាមរបៀបរបស់ដាវីឌ ជាស្តេចអ៊ីស្រាអែល