អែសរ៉ា 3:5-11 KHOV

5 ត​ពី​នោះ​មក ក៏​ថ្វាយ​ដង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​ជានិច្ច និង​ដង្វាយ​ចូល​ខែ ហើយ​ដង្វាយ​ថ្ងៃ​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​តាំង​ឡើង​ជា​បរិសុទ្ធ ព្រម​ទាំង​ដង្វាយ​របស់​អស់​អ្នក​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ

6 គេ​ចាប់​តាំង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ពី​ថ្ងៃ​ដំបូង ក្នុង​ខែ​អស្សុជ តែ​ជើង​ជញ្ជាំង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មិន​ទាន់​បាន​ដាក់​នៅ​ឡើយ

7 គេ​ជួល​ពួក​ជាង​ថ្ម និង​ពួក​ជាង​ឈើ ក៏​ឲ្យ​ស្បៀង​អាហារ និង​គ្រឿង​ផឹក ហើយ​ប្រេង​ដល់​ពួក​ក្រុង​ស៊ីដូន និង​ពួក​ក្រុង​ទីរ៉ុស ឲ្យ​គេ​ទៅ​នាំ​ឈើ​តាត្រៅ​ពី​ភ្នំ​ល្បាណូន មក​ឯ​ក្រុង​យ៉ុបប៉េ​តាម​ផ្លូវ​សមុទ្រ ដូច​ជា​ស៊ីរូស ជា​ស្តេច​ពើស៊ី បាន​ប្រោស​អនុញ្ញាត​ឲ្យ។

8 នៅ​ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​២ តាំង​ពី​គេ​មក​ដល់​ព្រះ‌វិហារ​នៃ​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម នោះ​សូរ៉ូ‌បា‌បិល ជា​កូន​សាល‌ធាល និង​យេសួរ ជា​កូន​យ៉ូសា‌ដាក ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី ជា​បង​ប្អូន​គេ​ឯ​ទៀត ហើយ​អស់​ពួក​អ្នក ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ចាប់​តាំង​ធ្វើ​ការ​ឡើង ក៏​ដំរូវ​ឲ្យ​ពួក​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ បាន​ចាត់‌ចែង​ការ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

9 នោះ​យេសួរ និង​ពួក​កូន​ចៅ ហើយ​បង​ប្អូន​លោក អ័ឌីអែល និង​កូន​ចៅ​លោក​ដែល​ជា​ពួក​យូដា និង​ពួក​កូន​របស់​ហេណា‌ដាឌ ព្រម​ទាំង​កូន​ចៅ​គេ និង​ពួក​លេវី ជា​បង​ប្អូន​គេ​ផង ក៏​ប្រឹង‌ប្រែង​ត្រួត​មើល​ពួក​ជាង ដែល​ធ្វើ​ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ។

10 កាល​ពួក​ជាង​កំពុង​តែ​ដាក់​ជើង​ជញ្ជាំង របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ នោះ​គេ​ចាត់​ពួក​សង្ឃ ឲ្យ​ស្លៀក‌ពាក់​ប្រដាប់​សង្ឃ ហើយ​កាន់​ត្រែ ព្រម​ទាំង​ពួក​លេវី ជា​កូន​ចៅ​អេសាភ ឲ្យ​កាន់​ឈឹង ដើម្បី​សរសើរ​ដល់​ព្រះ‌យេហូវ៉ា តាម​របៀប​របស់​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល

11 គេ​ក៏​ច្រៀង​ឆ្លើយ​គ្នា ដោយ​ពាក្យ​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ប្រកប​ដោយ​ករុណា​គុណ សេចក្តី​សប្បុរស​នៃ​ទ្រង់​នៅ​អស់‌កល្ប‌ជានិច្ច ដល់​ពួក​អ៊ីស្រា‌អែល រួច​បណ្តា‌ជន​ក៏​ស្រែក​ឡើង ជា​សំរែក​យ៉ាង​ខ្លាំង ក្នុង​កាល​ដែល​គេ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​នោះ ដោយ​ព្រោះ​ជើង​ជញ្ជាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា បាន​ដាក់​ស្រេច​ហើយ