15 ដើម្បីឲ្យមានគេពិនិត្យរកក្នុងសៀវភៅ ជាពង្សាវតារនៃពួកវង្សានុវង្សរបស់ទ្រង់ យ៉ាងនោះ ទ្រង់នឹងទតឃើញក្នុងសៀវភៅទាំងនោះ ហើយជ្រាបថា ទីក្រុងនោះជាទីក្រុងតែងតែបះបោរ ហើយប្រទូសរ៉ាយដល់ពួកស្តេច និងដល់អាណាខេត្តផង ហើយថា កាលពីចាស់បូរាណ គេចេះតែបង្កើតការក្បត់ គឺដោយហេតុនោះបានជាទីក្រុងនោះ ត្រូវបំផ្លាញចេញទៅ
16 យើងខ្ញុំសូមទូលបញ្ជាក់ដល់ព្រះករុណាថ្វាយទ្រង់ជ្រាបថា បើគេសង់ទីក្រុងនោះឡើងវិញ ហើយបានលើកកំផែងឡើងជាស្រេច នោះនឹងធ្វើឲ្យព្រះករុណាលែងមានចំណែកណា នៅខាងនាយទន្លេទៀតហើយ។
17 ស្តេចទ្រង់ក៏ធ្វើព្រះរាជសាសន៍ តបទៅចាងហ្វាងរេហ៊ូម និងស្មៀនស៊ីមសាយ ព្រមទាំងពួកគូកនគេដែលនៅស្រុកសាម៉ារី និងស្រុកឯទៀត នៅខាងនាយទន្លេថា សូមឲ្យបានប្រកបដោយសេចក្តីសុខចុះ៘
18 ឯសំបុត្រដែលអ្នករាល់គ្នាបានផ្ញើទៅយើង នោះបានអានមើលប្រែសេចក្តីយ៉ាងច្បាស់ នៅមុខយើងហើយ
19 យើងក៏បានបង្គាប់ឲ្យគេពិនិត្យរក នោះឃើញថា កាលពីចាស់បូរាណ ទីក្រុងនោះបានលើកគ្នាឡើង ទាស់នឹងពួកស្តេចក៏បង្កើតការបះបោរនឹងការកម្បត់មែន
20 ហើយមានស្តេចដែលមានឫទ្ធិយ៉ាងសន្ធឹក បានសោយរាជ្យនៅក្រុងយេរូសាឡិម ហើយបានគ្រប់គ្រងលើអស់ទាំងស្រុកនៅខាងនាយទន្លេ មនុស្សក៏បានបង់សួយអាករ ពន្ធខ្លួន និងពន្ធគយថ្វាយស្តេចទាំងនោះដែរ
21 ដូច្នេះ ចូរអ្នករាល់គ្នាចេញបញ្ញត្ត ឲ្យមនុស្សទាំងនោះឈប់ការនោះទៅ កុំឲ្យគេសង់ទីក្រុងនោះឡើងឡើយ ដរាបដល់មានបង្គាប់ចេញពីយើងមកទៀត