2 នោះគេក៏ចូលមកឯសូរ៉ូបាបិល និងពួកអ្នកដែលជាកំពូលលើវង្សរបស់ពួកអយ្យកោ និយាយថា សូមឲ្យយើងរាល់គ្នាស្អាងជាមួយនឹងអ្នករាល់គ្នាផង ដ្បិតយើងក៏ស្វែងរកតាមព្រះ
3 តែសូរ៉ូបាបិល និងយេសួរ ហើយពួកអ្នកឯទៀត ដែលជាកំពូលលើវង្សនៃពួកអយ្យកោនៃសាសន៍អ៊ីស្រាអែល ក៏ឆ្លើយថា ឯការស្អាងព្រះវិហារថ្វាយព្រះនៃយើង នោះមិនជាធុរៈរបស់អ្នករាល់គ្នាទេ គឺយើងនឹងធ្វើការនេះតែគ្នាយើងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ដូចជាព្រះរាជាស៊ីរូស ជាស្តេចពើស៊ី បានបង្គាប់មកយើងហើយ
4 ដូច្នេះ ពួកអ្នកស្រុកនោះក៏ខំនាំឲ្យពួកយូដាខ្សោយដៃទៅ ហើយបង្អើលបង្អាក់គេក្នុងការស្អាងនោះ
5 គេជួលពួកអ្នកប្រាជ្ញឲ្យជួយគំនិត ដើម្បីនឹងបង្អាក់ការដែលផ្តើមធ្វើនោះ នៅអស់រវាងព្រះជន្មស៊ីរូស ជាស្តេចពើស៊ី ដរាបដល់ដារីយុស បានគ្រងរាជ្យឡើងនៅស្រុកពើស៊ី
6 លុះដល់រាជ្យអ័ហាស៊ូរុស កាលទ្រង់បានសោយរាជ្យឡើងហើយ នោះគេធ្វើសំបុត្រ ផ្ញើទៅថ្វាយ ពោលទោសពីពួកអ្នកស្រុកយូដា ហើយនឹងពួកនៅក្រុងយេរូសាឡិម។
7 រួចមក នៅក្នុងរាជ្យអើថាស៊ើកសេស នោះប៊ីសឡាំ មីត្រាដាត ថាបេល និងគូកនរបស់គេ ក៏ធ្វើសំបុត្រផ្ញើទៅអើថាស៊ើកសេស ជាស្តេចពើស៊ី មានសេចក្តីកត់ទុកជាអក្សរតាមភាសាអារ៉ាម
8 គឺចាងហ្វាងរេហ៊ូម និងស្មៀនស៊ីមសាយ គេធ្វើសំបុត្រផ្ញើទៅស្តេចអើថាស៊ើកសេសពោលទោសពីដំណើរក្រុងយេរូសាឡិម បែបយ៉ាងនេះថា