5 ប៉ុន្តែ ព្រះនេត្រនៃព្រះបានទតមកលើពួកចាស់ទុំសាសន៍យូដា ហើយលោកចៅហ្វាយមិនបានបញ្ឈប់ការដែលកំពុងតែធ្វើនោះទេ ចាំទំរាំបញ្ជូនរឿងនោះ ទៅដល់ដារីយុស ហើយមានព្រះរាជសាសន៍តបមកកាត់សេចក្តី។
6 នេះជាសំណៅនៃសំបុត្រ ដែលថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងពួកអ័ផាសាក ជាគូកនលោក នៅខាងនាយទន្លេ បានផ្ញើទៅស្តេចដារីយុស
7 ក្នុងសំបុត្រដែលផ្ញើទៅស្តេចនោះមានសេចក្តីដូច្នេះថា សូមក្រាបថ្វាយបង្គំចូលមកដល់ព្រះករុណាដារីយុស សូមឲ្យទ្រង់បានប្រកប ដោយសេចក្តីសុខចំរើន
8 សូមទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំបានទៅក្នុងខេត្តយូដា គឺទៅមើលព្រះវិហារនៃព្រះដ៏ធំ ដែលគេកំពុងតែស្អាង ដោយថ្មយ៉ាងធំៗ ឃើញថាគេដាក់ធ្នឹមលើជញ្ជាំងរួចហើយ ការនោះក៏ធ្វើយ៉ាងឆាប់រហ័ស ហើយចំរើនឡើង ដោយសារដៃគេដែរ
9 ដូច្នេះ យើងខ្ញុំបានសាកសួរពួកចាស់ទុំរបស់គេថា តើអ្នកណាបានចេញបង្គាប់ឲ្យស្អាងព្រះវិហារនេះ ហើយនឹងធ្វើកំផែងនេះឡើង
10 យើងខ្ញុំក៏បានសួរឈ្មោះគេ ដើម្បីនឹងកត់ឈ្មោះមនុស្សទាំងប៉ុន្មាន ដែលជាមេរបស់គេ ផ្ញើមកថ្វាយទ្រង់ឲ្យបានជ្រាប
11 គេឆ្លើយមកយើងខ្ញុំដូច្នេះថា យើងខ្ញុំជាពួកអ្នកបំរើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី ហើយយើងខ្ញុំកំពុងតែស្អាងព្រះវិហារនេះឡើងវិញ ជាវិហារដែលស្តេចធំ នៃសាសន៍អ៊ីស្រាអែល១អង្គ បានស្អាងរួចជាស្រេច ជាយូរមកម្តងហើយ