អែសរ៉ា 5:8-14 KHOV

8 សូម​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ក្នុង​ខេត្ត​យូដា គឺ​ទៅ​មើល​ព្រះ‌វិហារ​នៃ​ព្រះ​ដ៏​ធំ ដែល​គេ​កំពុង​តែ​ស្អាង ដោយ​ថ្ម​យ៉ាង​ធំៗ ឃើញ​ថា​គេ​ដាក់​ធ្នឹម​លើ​ជញ្ជាំង​រួច​ហើយ ការ​នោះ​ក៏​ធ្វើ​យ៉ាង​ឆាប់​រហ័ស ហើយ​ចំរើន​ឡើង ដោយ‌សារ​ដៃ​គេ​ដែរ

9 ដូច្នេះ យើង​ខ្ញុំ​បាន​សាក​សួរ​ពួក​ចាស់‌ទុំ​របស់​គេ​ថា តើ​អ្នក​ណា​បាន​ចេញ​បង្គាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ​នេះ ហើយ​នឹង​ធ្វើ​កំផែង​នេះ​ឡើង

10 យើង​ខ្ញុំ​ក៏​បាន​សួរ​ឈ្មោះ​គេ ដើម្បី​នឹង​កត់​ឈ្មោះ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ជា​មេ​របស់​គេ ផ្ញើ​មក​ថ្វាយ​ទ្រង់​ឲ្យ​បាន​ជ្រាប

11 គេ​ឆ្លើយ​មក​យើង​ខ្ញុំ​ដូច្នេះ​ថា យើង​ខ្ញុំ​ជា​ពួក​អ្នក​បំរើ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ និង​ផែនដី ហើយ​យើង​ខ្ញុំ​កំពុង​តែ​ស្អាង​ព្រះ‌វិហារ​នេះ​ឡើង​វិញ ជា​វិហារ​ដែល​ស្តេច​ធំ នៃ​សាសន៍​អ៊ីស្រា‌អែល​១​អង្គ បាន​ស្អាង​រួច​ជា​ស្រេច ជា​យូរ​មក​ម្តង​ហើយ

12 តែ​នៅ​គ្រា​ដែល​ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​បណ្តាល​ឲ្យ​ព្រះ​នៃ​ស្ថាន‌សួគ៌​មាន​សេចក្តី​ក្រោធ នោះ​ទ្រង់​បាន​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​នេប៊ូ‌ក្នេសា ស្តេច​បាប៊ី‌ឡូន ជា​សាសន៍​ខាល់ដេ​ទៅ ស្តេច​នោះ​បាន​បំផ្លាញ​ព្រះ‌វិហារ​នេះ​ទៅ ក៏​ដឹក‌នាំ​ពួក​បណ្តា‌ជន​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​បាប៊ី‌ឡូន

13 តែ​នៅ​ឆ្នាំ​ដំបូង ក្នុង​រាជ្យ​ស៊ីរូស ជា​ស្តេច​បាប៊ី‌ឡូន នោះ​ស្តេច​ទ្រង់​បាន​ចេញ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់​ឲ្យ​ស្អាង​ព្រះ‌វិហារ​នេះ​ឡើង​វិញ

14 ហើយ​គ្រឿង​ប្រដាប់​មាស និង​ប្រាក់​ទាំង​ប៉ុន្មាន របស់​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នេប៊ូ‌ក្នេសា​បាន​យក​ចេញ​ពី​ព្រះ‌វិហារ ដែល​នៅ​ក្រុង​យេរូ‌សាឡិម នាំ​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ នៅ​ក្រុង​បាប៊ី‌ឡូន នោះ​ស្តេច​ស៊ីរូស​បាន​យក​ចេញ​ពី​ព្រះ‌វិហារ​នោះ ប្រគល់​ទាំង​អស់​ដល់​ម្នាក់​ឈ្មោះ សេស‌បាសារ ដែល​ទ្រង់​បាន​តាំង​ឡើង​ជា​ចៅ‌ហ្វាយ​ខេត្ត