9 ដូច្នេះ យើងខ្ញុំបានសាកសួរពួកចាស់ទុំរបស់គេថា តើអ្នកណាបានចេញបង្គាប់ឲ្យស្អាងព្រះវិហារនេះ ហើយនឹងធ្វើកំផែងនេះឡើង
10 យើងខ្ញុំក៏បានសួរឈ្មោះគេ ដើម្បីនឹងកត់ឈ្មោះមនុស្សទាំងប៉ុន្មាន ដែលជាមេរបស់គេ ផ្ញើមកថ្វាយទ្រង់ឲ្យបានជ្រាប
11 គេឆ្លើយមកយើងខ្ញុំដូច្នេះថា យើងខ្ញុំជាពួកអ្នកបំរើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី ហើយយើងខ្ញុំកំពុងតែស្អាងព្រះវិហារនេះឡើងវិញ ជាវិហារដែលស្តេចធំ នៃសាសន៍អ៊ីស្រាអែល១អង្គ បានស្អាងរួចជាស្រេច ជាយូរមកម្តងហើយ
12 តែនៅគ្រាដែលពួកអយ្យកោយើងខ្ញុំបានបណ្តាលឲ្យព្រះនៃស្ថានសួគ៌មានសេចក្តីក្រោធ នោះទ្រង់បានប្រគល់គេទៅក្នុងកណ្តាប់ព្រះហស្តនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាសាសន៍ខាល់ដេទៅ ស្តេចនោះបានបំផ្លាញព្រះវិហារនេះទៅ ក៏ដឹកនាំពួកបណ្តាជនទៅជាឈ្លើយដល់ក្រុងបាប៊ីឡូន
13 តែនៅឆ្នាំដំបូង ក្នុងរាជ្យស៊ីរូស ជាស្តេចបាប៊ីឡូន នោះស្តេចទ្រង់បានចេញព្រះរាជឱង្ការ១ច្បាប់ឲ្យស្អាងព្រះវិហារនេះឡើងវិញ
14 ហើយគ្រឿងប្រដាប់មាស និងប្រាក់ទាំងប៉ុន្មាន របស់ព្រះវិហារនៃព្រះ ដែលនេប៊ូក្នេសាបានយកចេញពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិម នាំទៅដាក់ក្នុងព្រះវិហារ នៅក្រុងបាប៊ីឡូន នោះស្តេចស៊ីរូសបានយកចេញពីព្រះវិហារនោះ ប្រគល់ទាំងអស់ដល់ម្នាក់ឈ្មោះ សេសបាសារ ដែលទ្រង់បានតាំងឡើងជាចៅហ្វាយខេត្ត
15 ទ្រង់បង្គាប់ដល់លោកថា ចូរយកគ្រឿងប្រដាប់ទាំងនេះ ទៅដាក់ក្នុងព្រះវិហារដែលនៅក្រុងយេរូសាឡិមទៅ ហើយស្អាងព្រះវិហារនៃព្រះ នៅកន្លែងដដែលនោះឡើងវិញ