អែសរ៉ា 6:15-21 KHOV

15 នៅ​ថ្ងៃ​ទី​៣ ខែ​ផល្គុណ ក្នុង​ឆ្នាំ​ទី​៦​នៃ​រាជ្យ​ស្តេច​ដារី‌យុស នោះ​ព្រះ‌វិហារ​បាន​ស្អាង​ឡើង​រួច​ជា​ស្រេច។

16 គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល ពួក​សង្ឃ និង​ពួក​លេវី ព្រម​ទាំង​ពួក​អ្នក​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​ឯ​ទៀត ក៏​នាំ​គ្នា​ធ្វើ​បុណ្យ​ឆ្លង​ព្រះ‌វិហារ​នេះ​ដោយ​អំណរ

17 គេ​បាន​ថ្វាយ​គោ​ឈ្មោល​១០០ ចៀម​ឈ្មោល​២០០ និង​កូន​ចៀម​៤០០ ជា​ដង្វាយ​ឆ្លង​ព្រះ‌វិហារ ហើយ​នឹង​ពពែ​១២​តាម​ចំនួន​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល សំរាប់​ជា​ដង្វាយ​លោះ​បាប​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់

18 គេ​ក៏​តាំង​ពួក​សង្ឃ​ឡើង តាម​ផ្នែក​ពួក​គេ ហើយ​ពួក​លេវី​តាម​វេន សំរាប់​ធ្វើ​ការ‌ងារ​នៃ​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​បាន​កត់​ទុក​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ហើយ។

19 ឯ​ពួក​អ្នក​ដែល​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​នោះ គេ​ក៏​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃ​១៤​ខែ​ចេត្រ​ដែរ

20 ដ្បិត​ពួក​សង្ឃ និង​ពួក​លេវី​បាន​សំអាត​ខ្លួន​ទាំង​អស់​គ្នា​រួច​ជា​ស្រេច គេ​សុទ្ធ​តែ​បាន​បរិសុទ្ធ​ហើយ ដូច្នេះ គេ​បាន​សំឡាប់​ចៀម​សំរាប់​ធ្វើ​បុណ្យ​រំលង ឲ្យ​ពួក​អ្នក​ដែល​បាន​នាំ​ទៅ​ជា​ឈ្លើយ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ឲ្យ​ពួក​សង្ឃ ជា​បង​ប្អូន​គេ និង​ខ្លួន​គេ​ផង

21 រួច​ពួក​កូន‌ចៅ​អ៊ីស្រា‌អែល ដែល​បាន​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ​មក​វិញ និង​អស់​អ្នក​ដែល​ញែក​ខ្លួន​ចេញ​ពី​សេចក្តី​ស្មោក‌គ្រោក​របស់​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល គេ​ក៏​បរិភោគ​បុណ្យ​នោះ