អែសរ៉ា 6:6-12 KHOV

6 ដូច្នេះ ត្រូវ​ឲ្យ​ថាថ្នាយ ជា​ចៅ‌ហ្វាយ​ខេត្ត​នៅ​ខាង​នាយ​ទន្លេ ហើយ​នឹង​សេថារ-បូស‌ណាយ ព្រម​ទាំង​ពួក​អ័ផាសាក ជា​គូ‌កន​គេ​ដែល​នៅ​ខាង​នាយ​ទន្លេ ឃ្លាត​ឆ្ងាយ​ពី​ទី​នោះ​ទៅ

7 កុំ​ឲ្យ​ឃាត់‌ឃាំង​ការ​ស្អាង​ព្រះ‌វិហារ​នេះ​ឡើយ ចូរ​ទុក​ឲ្យ​ចៅ‌ហ្វាយ​របស់​ពួក​យូដា និង​ពួក​ចាស់‌ទុំ​របស់​គេ ស្អាង​ព្រះ‌វិហារ​នេះ​នៅ​កន្លែង​ធម្មតា​នោះ​ចុះ

8 មួយ​ទៀត​យើង​ចេញ​បង្គាប់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​ពួក​ចាស់‌ទុំ​របស់​សាសន៍​យូដា​នេះ សំរាប់​នឹង​ជួយ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ​ជា​យ៉ាង​ណា​ដែរ គឺ​ត្រូវ​បើក​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច ពី​សួយ‌អាករ​នៅ​ខាង​នាយ​ទន្លេ ដល់​អ្នក​ទាំង​នោះ​ទុក​សំរាប់​នឹង​ចំណាយ ដើម្បី​កុំ​ឲ្យ​មាន​សេចក្តី​អាក់​ខាន​ការ​នោះ​ឡើយ

9 ព្រម​ទាំង​របស់​អ្វី​ដែល​គេ​ត្រូវ​ការ​ផង ទោះ​ទាំង​គោ​ស្ទាវ ចៀម​ឈ្មោល និង​កូន​ចៀម​សំរាប់​ជា​ដង្វាយ​ដុត ថ្វាយ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ឬ​ស្រូវ អំបិល ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង តាម​ដែល​ពួក​សង្ឃ​នៅ​ក្រុង​យេរូ‌សាឡិម​នឹង​ប្រាប់​មក នោះ​ត្រូវ​បើក​ឲ្យ​គេ​រាល់​គ្នា​តែ​ថ្ងៃ​ជា​កុំ​ខាន

10 ដើម្បី​ឲ្យ​គេ​បាន​ថ្វាយ​យញ្ញ‌បូជា ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​អធិស្ឋាន​ឲ្យ​ស្តេច​នឹង​ពួក​ព្រះ‌រាជ​បុត្រា​ស្តេច​បាន​ព្រះ‌ជន្ម​ចំរើន

11 យើង​ក៏​បាន​ចេញ​បង្គាប់​ថា បើ​អ្នក​ណា​បំផ្លាស់​បំប្រែ​ប្រកាស​នេះ នោះ​ត្រូវ​ដោះ​ធ្នឹម​១ ពី​ផ្ទះ​អ្នក​នោះ បញ្ឈរ​ឡើង​ចង​ក​គេ​ភ្ជាប់​ទៅ រួច​ត្រូវ​ប្រើ​ផ្ទះ​គេ​ទុក​ជា​កន្លែង​សំរាប់​នឹង​បន្ទោ​លាមក ដោយ​ព្រោះ​ហេតុ​នោះ​ឯង

12 ហើយ​សូម​ឲ្យ​ព្រះ​ដែល​បាន​ប្រោស​ប្រទាន ឲ្យ​ព្រះ‌នាម​ទ្រង់​សណ្ឋិត​នៅ​ទី​នេះ បាន​ទំលាក់​អស់​ទាំង​ស្តេច​ណា និង​សាសន៍​ណា​ដែល​លូក​ដៃ​ទៅ​ធ្វើ​ខុស​នឹង​ប្រកាស​នេះ ដើម្បី​នឹង​បំផ្លាញ​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​នេះ​ចេញ​ផង យើង ដារី‌យុស​បាន​ចេញ​ប្រកាស​ហើយ ដូច្នេះ ត្រូវ​ឲ្យ​សំរេច​សព្វ​គ្រប់​តាម​ដោយ​ខ្នះ‌ខ្នែង​ចុះ។