11 នេះជាសំណៅពីសំបុត្រ ដែលអើថាស៊ើកសេសដ៏ជាស្តេចទ្រង់បានប្រទានដល់អែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចម្លងអស់ទាំងព្រះបន្ទូល ក្នុងក្រឹត្យក្រមទាំងប៉ុន្មាននៃព្រះយេហូវ៉ា និងបញ្ញត្តនៃទ្រង់ ដល់ពួកអ៊ីស្រាអែល មានសេចក្តីថា
12 អើថាស៊ើកសេស ជាស្តេចលើអស់ទាំងស្តេច ប្រទានដល់អែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចម្លងក្រឹត្យវិន័យរបស់ព្រះនៃស្ថានសួគ៌៘
13 យើងចេញព្រះរាជឱង្ការថា ឯអស់អ្នកណាក្នុងពួកសាសន៍អ៊ីស្រាអែល ឬពួកសង្ឃ និងពួកលេវី នៅក្នុងនគរយើង ដែលចង់ទៅឯក្រុងយេរូសាឡិម ជាមួយនឹងអ្នក ដោយស្ម័គ្រពីចិត្ត នោះចូរឲ្យគេទៅចុះ
14 ពីព្រោះស្តេច និងពួកសេនាបតីទាំង៧ បានចាត់អ្នកទៅត្រួតត្រាមើល ក្នុងស្រុកយូដា និងក្រុងយេរូសាឡិម តាមក្រឹត្យវិន័យរបស់ព្រះនៃអ្នក ជាច្បាប់ដែលនៅក្នុងកណ្តាប់ដៃអ្នក
15 ហើយឲ្យនាំយកប្រាក់ និងមាសដែលយើង ជាស្តេច និងពួកសេនាបតីទាំង៧ បានថ្វាយស្ម័គ្រពីចិត្ត ដល់ព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដែលគង់នៅក្រុងយេរូសាឡិម
16 ព្រមទាំងប្រាក់មាសទាំងប៉ុន្មានដែលអ្នកនឹងរៃបាន ពីគ្រប់ក្នុងខេត្តបាប៊ីឡូន ជាមួយនឹងបណ្ណាការដែលពួកជនទាំងអម្បាលម៉ាន និងពួកសង្ឃថ្វាយដោយស្ម័គ្រពីចិត្ត សំរាប់ព្រះវិហាររបស់ព្រះនៃលោកដែលនៅក្រុងយេរូសាឡិមទៅជាមួយផង
17 ដូច្នេះ ត្រូវឲ្យអ្នកមានចិត្តខ្នះខ្នែង យកប្រាក់នោះទៅទិញគោ ចៀមឈ្មោល និងកូនចៀម ព្រមទាំងគ្រឿងដង្វាយម្សៅ និងដង្វាយច្រួចនោះផង នាំទៅថ្វាយនៅលើអាសនា ក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នា ដែលនៅក្រុងយេរូសាឡិមចុះ