អែសរ៉ា 7:16-22 KHOV

16 ព្រម​ទាំង​ប្រាក់​មាស​ទាំង​ប៉ុន្មាន​ដែល​អ្នក​នឹង​រៃ​បាន ពី​គ្រប់​ក្នុង​ខេត្ត​បាប៊ី‌ឡូន ជា​មួយ​នឹង​បណ្ណា‌ការ​ដែល​ពួក​ជន​ទាំង​អម្បាលម៉ាន និង​ពួក​សង្ឃ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​លោក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​មួយ​ផង

17 ដូច្នេះ ត្រូវ​ឲ្យ​អ្នក​មាន​ចិត្ត​ខ្នះ‌ខ្នែង យក​ប្រាក់​នោះ​ទៅ​ទិញ​គោ ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​គ្រឿង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​នោះ​ផង នាំ​ទៅ​ថ្វាយ​នៅ​លើ​អាសនា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចុះ

18 ឯ​ប្រាក់ និង​មាស​ដែល​សល់​នៅ នោះ​ត្រូវ​ឲ្យ​អ្នក និង​ពួក​បង​ប្អូន​អ្នក ប្រើ​ការ​តាម​តែ​គិត​ឃើញ​ថា​ត្រឹម‌ត្រូវ តាម​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ

19 ហើយ​ឯ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​បាន​ឲ្យ​ដល់​អ្នក សំរាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក នោះ​ចូរ​អ្នក​យក​ទៅ​ប្រគល់ នៅ​ចំពោះ​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម​ទៅ

20 ហើយ​របស់​អ្វី​ផ្សេង​ទៀត​ដែល​ខ្វះ​ខាត​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​អ្នក ដែល​អ្នក​ត្រូវ​ការ​បញ្ចេញ​ប្រាក់​ទិញ នោះ​ត្រូវ​បញ្ចេញ​យក​ពី​ឃ្លាំង​ហ្លួង​ចុះ

21 មួយ​ទៀត យើង អើថា‌ស៊ើក‌សេស​ជា​ស្តេច យើង​ចេញ​ព្រះ‌រាជ‌ឱង្ការ បង្គាប់​ដល់​គ្រប់​ទាំង​មេ​ឃ្លាំង នៅ​ខាង​នាយ​ទន្លេ​ថា របស់​អ្វីៗ​ដែល​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចម្លង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ លោក​នឹង​សូម​ក៏​ដោយ នោះ​ត្រូវ​តែ​ឃ្មាត‌ខ្មី​នឹង​ឲ្យ​ចុះ

22 ទោះ​ដល់​ទៅ​ប្រាក់​១០០​ហាប ស្រូវ​១០០​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​២០០​ប៉ោត ប្រេង​២០០​ប៉ោត និង​អំបិល​ឥត​មាន​កំណត់​ក្តី