អែសរ៉ា 7:21-27 KHOV

21 មួយ​ទៀត យើង អើថា‌ស៊ើក‌សេស​ជា​ស្តេច យើង​ចេញ​ព្រះ‌រាជ‌ឱង្ការ បង្គាប់​ដល់​គ្រប់​ទាំង​មេ​ឃ្លាំង នៅ​ខាង​នាយ​ទន្លេ​ថា របស់​អ្វីៗ​ដែល​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចម្លង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌ លោក​នឹង​សូម​ក៏​ដោយ នោះ​ត្រូវ​តែ​ឃ្មាត‌ខ្មី​នឹង​ឲ្យ​ចុះ

22 ទោះ​ដល់​ទៅ​ប្រាក់​១០០​ហាប ស្រូវ​១០០​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​២០០​ប៉ោត ប្រេង​២០០​ប៉ោត និង​អំបិល​ឥត​មាន​កំណត់​ក្តី

23 ត្រូវ​ឲ្យ​ធ្វើ​សំរេច​គ្រប់​ទាំង​អស់ ដែល​ព្រះ​នៃ​ស្ថាន‌សួគ៌​ទ្រង់​បង្គាប់​មក ដោយ​ត្រូវ​ចំពោះ សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌​ចុះ តើ​នឹង​ឲ្យ​មាន​សេចក្តី​ក្រោធ ចំពោះ​រាជ្យ​ស្តេច និង​ព្រះ‌រាជ​បុត្រា​ទ្រង់​ធ្វើ​អី

24 មួយ​ទៀត យើង​បញ្ជាក់​ដល់​អ្នក​រាល់​គ្នា​ថា ចំណែក​ពួក​សង្ឃ ពួក​លេវី ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ ពួក​នេធីនិម និង​ពួក​អ្នក​បំរើ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​នេះ នោះ​មិន​ត្រូវ​ឲ្យ​ទារ​សួយ‌អាករ ពន្ធ​ខ្លួន ឬ​ពន្ធ‌គយ ពី​អ្នក​ទាំង​នោះ​ឡើយ

25 ឯ​អែសរ៉ា​ឯង តាម​ប្រាជ្ញា​របស់​ព្រះ​នៃ​អ្នក​ដែល​សណ្ឋិត​លើ​អ្នក នោះ​ត្រូវ​ឲ្យ​អ្នក​តាំង​ពួក​អ្នក​ឡើង ដែល​ជា​អ្នក​ជំនាញ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​អ្នក ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម និង​សុភា ឲ្យ​ជំនុំ​ជំរះ ដល់​អ្នក​ទាំង​សាសន៍​នៅ​ខាង​នាយ​ទន្លេ ហើយ​ត្រូវ​បង្ហាត់​បង្រៀន​ក្រឹត្យ‌វិន័យ ដល់​អស់​អ្នក​ណា​ដែល​មិន​ស្គាល់​ផង

26 ឯ​អ្នក​ណា​ដែល​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​អ្នក ហើយ​នឹង​ច្បាប់​របស់​ស្តេច​ផង នោះ​ត្រូវ​តែ​កាត់​ទោស​ជា​ប្រញាប់​ចុះ ទោះ​ដល់​ស្លាប់ ឬ​និរទេស ឬ​រឹប​យក​របស់​ទ្រព្យ​គេ ឬ​ដាក់​គុក​ក្តី។

27 សូម​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បណ្តាល​ព្រះ‌ទ័យ​ស្តេច ឲ្យ​សំរេច​នឹង​តាក់‌តែង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឲ្យ​ល្អ​ឡើង​ដូច្នេះ