22 ទោះដល់ទៅប្រាក់១០០ហាប ស្រូវ១០០រង្វាល់ ស្រាទំពាំងបាយជូរ២០០ប៉ោត ប្រេង២០០ប៉ោត និងអំបិលឥតមានកំណត់ក្តី
23 ត្រូវឲ្យធ្វើសំរេចគ្រប់ទាំងអស់ ដែលព្រះនៃស្ថានសួគ៌ទ្រង់បង្គាប់មក ដោយត្រូវចំពោះ សំរាប់ព្រះវិហាររបស់ព្រះនៃស្ថានសួគ៌ចុះ តើនឹងឲ្យមានសេចក្តីក្រោធ ចំពោះរាជ្យស្តេច និងព្រះរាជបុត្រាទ្រង់ធ្វើអី
24 មួយទៀត យើងបញ្ជាក់ដល់អ្នករាល់គ្នាថា ចំណែកពួកសង្ឃ ពួកលេវី ពួកចំរៀង ពួកឆ្មាំទ្វារ ពួកនេធីនិម និងពួកអ្នកបំរើ ក្នុងព្រះវិហារនៃព្រះនេះ នោះមិនត្រូវឲ្យទារសួយអាករ ពន្ធខ្លួន ឬពន្ធគយ ពីអ្នកទាំងនោះឡើយ
25 ឯអែសរ៉ាឯង តាមប្រាជ្ញារបស់ព្រះនៃអ្នកដែលសណ្ឋិតលើអ្នក នោះត្រូវឲ្យអ្នកតាំងពួកអ្នកឡើង ដែលជាអ្នកជំនាញក្នុងក្រឹត្យវិន័យរបស់ព្រះនៃអ្នក ឲ្យធ្វើជាចៅក្រម និងសុភា ឲ្យជំនុំជំរះ ដល់អ្នកទាំងសាសន៍នៅខាងនាយទន្លេ ហើយត្រូវបង្ហាត់បង្រៀនក្រឹត្យវិន័យ ដល់អស់អ្នកណាដែលមិនស្គាល់ផង
26 ឯអ្នកណាដែលមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះនៃអ្នក ហើយនឹងច្បាប់របស់ស្តេចផង នោះត្រូវតែកាត់ទោសជាប្រញាប់ចុះ ទោះដល់ស្លាប់ ឬនិរទេស ឬរឹបយករបស់ទ្រព្យគេ ឬដាក់គុកក្តី។
27 សូមសរសើរដំកើងដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោយើងរាល់គ្នា ដែលទ្រង់បានបណ្តាលព្រះទ័យស្តេច ឲ្យសំរេចនឹងតាក់តែងព្រះវិហារនៃព្រះយេហូវ៉ា ដែលនៅក្រុងយេរូសាឡិមឲ្យល្អឡើងដូច្នេះ
28 ព្រមទាំងប្រោសផ្តល់សេចក្តីសប្បុរសរបស់ទ្រង់ ដល់ខ្ញុំនៅចំពោះស្តេច ពួកសេនាបតីទ្រង់ ហើយពួកអ្នកប្រធានដ៏មានអំណាចរបស់ស្តេចផង ខ្ញុំក៏មានកំឡាំងចំរើនឡើង ដោយនូវព្រះហស្តនៃព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានទៅប្រមូលពួកអ្នក ដែលជាកំពូលក្នុងសាសន៍អ៊ីស្រាអែល ឲ្យឡើងទៅជាមួយ។