អែសរ៉ា 7:24-28 KHOV

24 មួយ​ទៀត យើង​បញ្ជាក់​ដល់​អ្នក​រាល់​គ្នា​ថា ចំណែក​ពួក​សង្ឃ ពួក​លេវី ពួក​ចំរៀង ពួក​ឆ្មាំ​ទ្វារ ពួក​នេធីនិម និង​ពួក​អ្នក​បំរើ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​នេះ នោះ​មិន​ត្រូវ​ឲ្យ​ទារ​សួយ‌អាករ ពន្ធ​ខ្លួន ឬ​ពន្ធ‌គយ ពី​អ្នក​ទាំង​នោះ​ឡើយ

25 ឯ​អែសរ៉ា​ឯង តាម​ប្រាជ្ញា​របស់​ព្រះ​នៃ​អ្នក​ដែល​សណ្ឋិត​លើ​អ្នក នោះ​ត្រូវ​ឲ្យ​អ្នក​តាំង​ពួក​អ្នក​ឡើង ដែល​ជា​អ្នក​ជំនាញ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​អ្នក ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម និង​សុភា ឲ្យ​ជំនុំ​ជំរះ ដល់​អ្នក​ទាំង​សាសន៍​នៅ​ខាង​នាយ​ទន្លេ ហើយ​ត្រូវ​បង្ហាត់​បង្រៀន​ក្រឹត្យ‌វិន័យ ដល់​អស់​អ្នក​ណា​ដែល​មិន​ស្គាល់​ផង

26 ឯ​អ្នក​ណា​ដែល​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​អ្នក ហើយ​នឹង​ច្បាប់​របស់​ស្តេច​ផង នោះ​ត្រូវ​តែ​កាត់​ទោស​ជា​ប្រញាប់​ចុះ ទោះ​ដល់​ស្លាប់ ឬ​និរទេស ឬ​រឹប​យក​របស់​ទ្រព្យ​គេ ឬ​ដាក់​គុក​ក្តី។

27 សូម​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​បណ្តាល​ព្រះ‌ទ័យ​ស្តេច ឲ្យ​សំរេច​នឹង​តាក់‌តែង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឲ្យ​ល្អ​ឡើង​ដូច្នេះ

28 ព្រម​ទាំង​ប្រោស​ផ្តល់​សេចក្តី​សប្បុរស​របស់​ទ្រង់ ដល់​ខ្ញុំ​នៅ​ចំពោះ​ស្តេច ពួក​សេនាបតី​ទ្រង់ ហើយ​ពួក​អ្នក​ប្រធាន​ដ៏​មាន​អំណាច​របស់​ស្តេច​ផង ខ្ញុំ​ក៏​មាន​កំឡាំង​ចំរើន​ឡើង ដោយ​នូវ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ ដែល​សណ្ឋិត​លើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទៅ​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​ក្នុង​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ឡើង​ទៅ​ជា​មួយ។