6 អែសរ៉ានេះ លោកឡើងមកពីក្រុងបាប៊ីឡូន លោកជាស្មៀនស្ទាត់ជំនាញខាងក្រឹត្យវិន័យលោកម៉ូសេ ដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលបានប្រទានមក ហើយដោយព្រោះព្រះហស្តនៃព្រះយេហូវ៉ា ជាព្រះនៃលោក បានសណ្ឋិតលើលោក បានជាស្តេចទ្រង់អនុញ្ញាតគ្រប់ទាំងសេចក្តីដែលលោកសូម
7 ក៏មានពួកកូនចៅអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកចំរៀង ពួកឆ្មាំទ្វារ និងពួកនេធីនិមខ្លះ ឡើងទៅឯក្រុងយេរូសាឡិមនៅឆ្នាំទី៧ក្នុងរាជ្យស្តេចអើថាស៊ើកសេសដែរ
8 លោកបានមកដល់ក្រុងយេរូសាឡិម ក្នុងខែស្រាពណ៌នៅឆ្នាំទី៧ក្នុងរាជ្យស្តេចនោះ
9 ដ្បិតលោកបានចេញពីក្រុងបាប៊ីឡូន នៅថ្ងៃ១ខែចេត្រ ក៏មកដល់ក្រុងយេរូសាឡិមនៅថ្ងៃទី១ខែស្រាពណ៌ ដោយព្រះហស្តល្អរបស់ព្រះនៃលោក បានសណ្ឋិតលើលោក
10 ពីព្រោះអែសរ៉ាបានតាំងចិត្តស្វែងរកក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ដើម្បីនឹងប្រព្រឹត្តតាម ហើយបង្ហាត់បង្រៀនតាមបញ្ញត្ត និងសេចក្តីយុត្តិធម៌ក្នុងពួកអ៊ីស្រាអែល។
11 នេះជាសំណៅពីសំបុត្រ ដែលអើថាស៊ើកសេសដ៏ជាស្តេចទ្រង់បានប្រទានដល់អែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចម្លងអស់ទាំងព្រះបន្ទូល ក្នុងក្រឹត្យក្រមទាំងប៉ុន្មាននៃព្រះយេហូវ៉ា និងបញ្ញត្តនៃទ្រង់ ដល់ពួកអ៊ីស្រាអែល មានសេចក្តីថា
12 អើថាស៊ើកសេស ជាស្តេចលើអស់ទាំងស្តេច ប្រទានដល់អែសរ៉ាដ៏ជាសង្ឃ ជាស្មៀនចម្លងក្រឹត្យវិន័យរបស់ព្រះនៃស្ថានសួគ៌៘