អែសរ៉ា 7:8-14 KHOV

8 លោក​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ក្នុង​ខែ​ស្រា‌ពណ៌​នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​ស្តេច​នោះ

9 ដ្បិត​លោក​បាន​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​១​ខែ​ចេត្រ ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម​នៅ​ថ្ងៃ​ទី​១​ខែ​ស្រា‌ពណ៌ ដោយ​ព្រះ‌ហស្ត​ល្អ​របស់​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក

10 ពី​ព្រោះ​អែសរ៉ា​បាន​តាំង​ចិត្ត​ស្វែង​រក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម ហើយ​បង្ហាត់‌បង្រៀន​តាម​បញ្ញត្ត និង​សេចក្តី​យុត្តិ‌ធម៌​ក្នុង​ពួក​អ៊ីស្រា‌អែល។

11 នេះ​ជា​សំណៅ​ពី​សំបុត្រ ដែល​អើថា‌ស៊ើក‌សេស​ដ៏​ជា​ស្តេច​ទ្រង់​បាន​ប្រទាន​ដល់​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចម្លង​អស់​ទាំង​ព្រះ‌បន្ទូល ក្នុង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា និង​បញ្ញត្ត​នៃ​ទ្រង់ ដល់​ពួក​អ៊ីស្រា‌អែល មាន​សេចក្តី​ថា

12 អើថា‌ស៊ើក‌សេស ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ប្រទាន​ដល់​អែសរ៉ា​ដ៏​ជា​សង្ឃ ជា​ស្មៀន​ចម្លង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន‌សួគ៌៘

13 យើង​ចេញ​ព្រះ‌រាជ‌ឱង្ការ​ថា ឯ​អស់​អ្នក​ណា​ក្នុង​ពួក​សាសន៍​អ៊ីស្រា‌អែល ឬ​ពួក​សង្ឃ និង​ពួក​លេវី នៅ​ក្នុង​នគរ​យើង ដែល​ចង់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ជា​មួយ​នឹង​អ្នក ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ចូរ​ឲ្យ​គេ​ទៅ​ចុះ

14 ពី​ព្រោះ​ស្តេច និង​ពួក​សេនាបតី​ទាំង​៧ បាន​ចាត់​អ្នក​ទៅ​ត្រួត‌ត្រា​មើល ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​អ្នក ជា​ច្បាប់​ដែល​នៅ​ក្នុង​កណ្តាប់​ដៃ​អ្នក