17 រួចខ្ញុំចាត់ពួកអ្នកទាំងនោះ ឲ្យទៅឯអ៊ីដោជាមេ ដែលនៅកន្លែងហៅថា កាសិភា ដោយបង្គាប់ពាក្យដែលគេត្រូវជំរាបដល់អ៊ីដោ និងពួកនេធីនិម ជាបងប្អូនលោក នៅត្រង់កាសិភានោះ ដើម្បីនឹងនាំពួកអ្នកសំរាប់ធ្វើការងារ ក្នុងព្រះវិហាររបស់ព្រះនៃយើងរាល់គ្នាមកជា១ផង
18 ហើយតាមដែលព្រះហស្តល្អរបស់ព្រះនៃយើងរាល់គ្នា បានសណ្ឋិតលើយើង នោះគេបាននាំមនុស្សម្នាក់ប្រកបដោយប្រាជ្ញា មកឯយើង ពីពួកម៉ាស់លី ជាកូនលេវី ដែលជាកូនអ៊ីស្រាអែល ព្រមទាំងសេរេប៊ីយ៉ា និងកូនចៅ ហើយបងប្អូន ទាំងអស់មាន១៨នាក់
19 និងហាសាបយ៉ា ហើយមានយេសាយ៉ា ពីពួកកូនចៅម្រ៉ារី និងបងប្អូន ហើយកូនចៅ ទាំងអស់រួមគ្នា២០នាក់ មកជាមួយ
20 ឯពួកនេធីនិមដែលដាវីឌ និងអ្នកជាប្រធានបានថ្វាយសំរាប់ជួយការងារពួកលេវី នោះមាន២២០នាក់ ដែលសុទ្ធតែបានដំរូវដោយឈ្មោះរៀងខ្លួន។
21 រួចមកខ្ញុំបានប្រកាសប្រាប់ ឲ្យមានការតមនៅមាត់ទន្លេអាហាវ៉ានោះ ដើម្បីឲ្យយើងបានបន្ទាបខ្លួននៅចំពោះព្រះនៃយើងរាល់គ្នា ប្រយោជន៍នឹងសូមទ្រង់ឲ្យដំរង់ផ្លូវយើង និងកូនចៅ ហើយរបស់ទ្រព្យយើងទាំងអស់ផង
22 ដ្បិតដែលសូមទាហាន និងពលសេះ ពីស្តេចឲ្យទៅរាំងរាពួកខ្មាំងសត្រូវតាមផ្លូវ នោះនឹងនាំឲ្យខ្ញុំមានសេចក្តីខ្មាស ពីព្រោះយើងបានទូលស្តេចហើយថា ព្រះហស្តនៃព្រះរបស់យើងរាល់គ្នា សណ្ឋិតនៅនឹងអស់អ្នកដែលស្វែងរកទ្រង់ ដើម្បីនឹងប្រោសឲ្យបានសេចក្តីល្អ តែព្រះចេស្តា និងសេចក្តីក្រេវក្រោធនៃទ្រង់ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលទ្រង់វិញ
23 ដូច្នេះ យើងរាល់គ្នាបានតម ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយទ្រង់ក៏ទទួលស្តាប់តាមយើង។