អែសរ៉ា 8:21-27 KHOV

21 រួច​មក​ខ្ញុំ​បាន​ប្រកាស​ប្រាប់ ឲ្យ​មាន​ការ​តម​នៅ​មាត់​ទន្លេ​អាហាវ៉ា​នោះ ដើម្បី​ឲ្យ​យើង​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​នៃ​យើង​រាល់​គ្នា ប្រយោជន៍​នឹង​សូម​ទ្រង់​ឲ្យ​ដំរង់​ផ្លូវ​យើង និង​កូន​ចៅ ហើយ​របស់​ទ្រព្យ​យើង​ទាំង​អស់​ផង

22 ដ្បិត​ដែល​សូម​ទាហាន និង​ពល​សេះ ពី​ស្តេច​ឲ្យ​ទៅ​រាំង‌រា​ពួក​ខ្មាំង​សត្រូវ​តាម​ផ្លូវ នោះ​នឹង​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​ខ្មាស ពី​ព្រោះ​យើង​បាន​ទូល​ស្តេច​ហើយ​ថា ព្រះ‌ហស្ត​នៃ​ព្រះ​របស់​យើង​រាល់​គ្នា សណ្ឋិត​នៅ​នឹង​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ ដើម្បី​នឹង​ប្រោស​ឲ្យ​បាន​សេចក្តី​ល្អ តែ​ព្រះ‌ចេស្តា និង​សេចក្តី​ក្រេវ‌ក្រោធ​នៃ​ទ្រង់ នោះ​ទាស់​នឹង​អស់​អ្នក​ដែល​បោះ‌បង់​ចោល​ទ្រង់​វិញ

23 ដូច្នេះ យើង​រាល់​គ្នា​បាន​តម ហើយ​សូម​អង្វរ​ដល់​ព្រះ​នៃ​យើង​ពី​ដំណើរ​នេះ ហើយ​ទ្រង់​ក៏​ទទួល​ស្តាប់​តាម​យើង។

24 រួច​មក ខ្ញុំ​ក៏​ញែក​មេ​ពួក​សង្ឃ​១២​នាក់​ចេញ​ទុក គឺ​សេរេ‌ប៊ីយ៉ា និង​ហាសាបយ៉ា ព្រម​ទាំង​បង​ប្អូន​គេ​១០​នាក់​ឯ​ទៀត

25 រួច​ខ្ញុំ​ថ្លឹង​ប្រាក់ មាស និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​គេ គឺ​ជា​ដង្វាយ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង ដែល​ស្តេច ពួក​សេនាបតី ពួក​អ្នក​ជា​ប្រធាន​របស់​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​នៅ​ទី​នោះ​បាន​ថ្វាយ

26 ខ្ញុំ​ថ្លឹង​ប្រាក់​៦៥០​ហាប គ្រឿង​ប្រាក់​១០០​ហាប និង​មាស​១០០​ហាប

27 ព្រម​ទាំង​ពែង​មាស​២០ មាន​ដំឡៃ​១​ពាន់​ដារីក ហើយ​ប្រដាប់‌ប្រដា​ធ្វើ​ពី​ទង់‌ដែង​យ៉ាង​ភ្លឺ ដែល​មាន​ដំឡៃ​ដូច​ជា​មាស ប្រគល់​ដល់​ដៃ​គេ