29 ដូច្នេះ ចូរប្រុងប្រយ័ត្ន និងថែរក្សារបស់ទាំងនេះ ដរាបដល់អ្នករាល់គ្នាបានថ្លឹងទាំងអស់ នៅក្រុងយេរូសាឡិម ប្រគល់នៅចំពោះមេពួកសង្ឃ និងពួកលេវី ហើយនឹងពួកដែលជាកំពូលលើវង្សរបស់ឪពុកសាសន៍អ៊ីស្រាអែល ដាក់ទៅក្នុងបន្ទប់នៃព្រះវិហាររបស់ព្រះយេហូវ៉ារួចជាស្រេច
30 ពួកសង្ឃ ហើយនឹងពួកលេវី ក៏ទទួលយកប្រាក់មាស និងគ្រឿងប្រដាប់ទាំងនោះ តាមទំងន់ ដើម្បីនឹងយកទៅដាក់ក្នុងព្រះវិហារនៃព្រះ ជាព្រះរបស់យើងរាល់គ្នា នៅក្រុងយេរូសាឡិម។
31 រួចមក នៅថ្ងៃទី១២ខែចេត្រ នោះយើងរាល់គ្នាបានធ្វើដំណើរចេញពីទន្លេអាហាវ៉ា ដើម្បីនឹងទៅឯក្រុងយេរូសាឡិម ព្រះហស្តនៃព្រះរបស់យើងក៏សណ្ឋិតនៅជាមួយ ហើយទ្រង់ជួយឲ្យយើងរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ និងពួកចោរដែលបង្កប់ខ្លួនតាមផ្លូវផង
32 យើងរាល់គ្នាក៏បានដល់ក្រុងយេរូសាឡិម ហើយបាននៅទីនោះអស់៣ថ្ងៃ
33 លុះដល់ថ្ងៃទី៤ នោះយើងថ្លឹងប្រាក់ មាស និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ប្រគល់ដល់ដៃម្រេម៉ូត ជាកូនអ៊ូរីយ៉ាដ៏ជាសង្ឃ នៅក្នុងព្រះវិហារនៃព្រះរបស់យើងរាល់គ្នា មានអេលាសារ ជាកូនភីនេហាស ព្រមទាំងយ៉ូសាបាឌ ជាកូនយេសួរ និងណូអាឌា ជាកូនប៊ីនុយ ជាពួកលេវី នៅជាមួយដែរ
34 គេត្រួតមើលទាំងអស់តាមចំនួនតាមទំងន់ ហើយក៏កត់ទុកនៅវេលានោះឯង។
35 ឯពួកអ្នកដែលបានត្រឡប់ពីសណ្ឋានជាឈ្លើយមកវិញ គេក៏ថ្វាយដង្វាយដុតដល់ព្រះនៃសាសន៍អ៊ីស្រាអែល គឺគោឈ្មោល១២ឲ្យពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងចៀមឈ្មោល៩៦ កូនចៀម៧៧ និងពពែ១២ សំរាប់ជាដង្វាយលោះបាប នោះសុទ្ធតែជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាទាំងអស់