អែសរ៉ា 9:1-7 KHOV

1 កាល​ការ​ទាំង​នោះ​បាន​សំរេច​អស់​ហើយ នោះ​ពួក​អ្នក​ជា​ប្រធាន ក៏​មក​ឯ​ខ្ញុំ​និយាយ​ថា ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី មិន​បាន​ញែក​ខ្លួន​ចេញ​ពី​ពួក​អ្នក​ស្រុក​នេះ​ទេ គឺ​គេ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស សាសន៍​អាំម៉ូន សាសន៍​ម៉ូអាប់ សាសន៍​អេស៊ីព្ទ និង​សាសន៍​អាម៉ូរី​វិញ

2 ដ្បិត​គេ​បាន​យក​កូន​ស្រី​ក្រមុំ​នៃ​សាសន៍​ទាំង​នោះ​សំរាប់​ខ្លួន​គេ និង​សំរាប់​កូន​ប្រុស​គេ​ដែរ យ៉ាង​នោះ​ពូជ​បរិសុទ្ធ​បាន​លាយ‌ឡំ​នឹង​ពួក​អ្នក​ស្រុក​ទាំង​នេះ ហើយ​គឺ​ពួក​អ្នក​ជា​ប្រធាន និង​ពួក​ចៅ‌ហ្វាយ​ជា​លេខ​១ ក្នុង​ការ​រំលង​នេះ​ដែរ

3 កាល​ខ្ញុំ​បាន​ឮ​សេចក្តី​នោះ ខ្ញុំ​ក៏​ហែក​សំលៀក‌បំពាក់ បោច​សក់​ក្បាល និង​ពុក‌ចង្កា​របស់​ខ្ញុំ ហើយ​ស្លុត​ចិត្ត​អង្គុយ​នៅ

4 គ្រា​នោះ អស់​អ្នក​ណា​ដែល​ញាប់‌ញ័រ​ចំពោះ​ព្រះ‌បន្ទូល នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល គេ​ក៏​មូល​គ្នា​មក​ឯ​ខ្ញុំ ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​អ្នក ដែល​មក​ពី​ឈ្លើយ​នោះ តែ​ខ្ញុំ​ស្លុត​ចិត្ត​អង្គុយ​នៅ ដរាប​ដល់​ពេល​ដង្វាយ​ល្ងាច។

5 នៅ​ពេល​ថ្វាយ​ដង្វាយ​ល្ងាច នោះ​ខ្ញុំ​បាន​ក្រោក​ពី​ទុក្ខ​ព្រួយ​នោះ​ឡើង មាន​ទាំង​អាវ​ក្នុង និង​អាវ​ក្រៅ​រហែក រួច​ខ្ញុំ​ផ្តួល​ខ្លួន​ក្រាប​ចុះ លើក​ដៃ​ប្រទូល​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ​ទូល​ថា

6 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​មាន​សេចក្តី​ខ្មាស ហើយ​ក៏​ក្រហម​មុខ និង​ងើប​មើល​ទៅ​ទ្រង់ ជា​ព្រះ​នៃ​ទូល‌បង្គំ​ផង ពី​ព្រោះ​ការ​ទុច្ចរិត​របស់​យើង​ខ្ញុំ​បាន​ចំរើន​ជា​ច្រើន​ឡើង ដល់​លិច​ក្បាល​យើង​ខ្ញុំ ហើយ​ទោស​របស់​យើង​ខ្ញុំ​ក៏​កើន​ឡើង ដល់​ផ្ទៃ​មេឃ​ដែរ

7 ចាប់​តាំង​ពី​គ្រា​ពួក​អយ្យកោ​យើង​ខ្ញុំ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​មាន​ទោស​ជា​ទំងន់​ក្រៃ​ពេក ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ បាន​ជា​យើង​ខ្ញុំ ព្រម​ទាំង​ពួក​ស្តេច និង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ បាន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ស្តេច​ស្រុក​ដទៃ ដល់​ដាវ ដល់​សណ្ឋាន​ជា​ឈ្លើយ ដល់​ការ​រឹប​ជាន់ ហើយ​ដល់​សេចក្តី​អាម៉ាស់​ខ្មាស ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ