អែសរ៉ា 9:3-9 KHOV

3 កាល​ខ្ញុំ​បាន​ឮ​សេចក្តី​នោះ ខ្ញុំ​ក៏​ហែក​សំលៀក‌បំពាក់ បោច​សក់​ក្បាល និង​ពុក‌ចង្កា​របស់​ខ្ញុំ ហើយ​ស្លុត​ចិត្ត​អង្គុយ​នៅ

4 គ្រា​នោះ អស់​អ្នក​ណា​ដែល​ញាប់‌ញ័រ​ចំពោះ​ព្រះ‌បន្ទូល នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល គេ​ក៏​មូល​គ្នា​មក​ឯ​ខ្ញុំ ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​អ្នក ដែល​មក​ពី​ឈ្លើយ​នោះ តែ​ខ្ញុំ​ស្លុត​ចិត្ត​អង្គុយ​នៅ ដរាប​ដល់​ពេល​ដង្វាយ​ល្ងាច។

5 នៅ​ពេល​ថ្វាយ​ដង្វាយ​ល្ងាច នោះ​ខ្ញុំ​បាន​ក្រោក​ពី​ទុក្ខ​ព្រួយ​នោះ​ឡើង មាន​ទាំង​អាវ​ក្នុង និង​អាវ​ក្រៅ​រហែក រួច​ខ្ញុំ​ផ្តួល​ខ្លួន​ក្រាប​ចុះ លើក​ដៃ​ប្រទូល​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ​ទូល​ថា

6 ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​មាន​សេចក្តី​ខ្មាស ហើយ​ក៏​ក្រហម​មុខ និង​ងើប​មើល​ទៅ​ទ្រង់ ជា​ព្រះ​នៃ​ទូល‌បង្គំ​ផង ពី​ព្រោះ​ការ​ទុច្ចរិត​របស់​យើង​ខ្ញុំ​បាន​ចំរើន​ជា​ច្រើន​ឡើង ដល់​លិច​ក្បាល​យើង​ខ្ញុំ ហើយ​ទោស​របស់​យើង​ខ្ញុំ​ក៏​កើន​ឡើង ដល់​ផ្ទៃ​មេឃ​ដែរ

7 ចាប់​តាំង​ពី​គ្រា​ពួក​អយ្យកោ​យើង​ខ្ញុំ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​មាន​ទោស​ជា​ទំងន់​ក្រៃ​ពេក ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ បាន​ជា​យើង​ខ្ញុំ ព្រម​ទាំង​ពួក​ស្តេច និង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ បាន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ស្តេច​ស្រុក​ដទៃ ដល់​ដាវ ដល់​សណ្ឋាន​ជា​ឈ្លើយ ដល់​ការ​រឹប​ជាន់ ហើយ​ដល់​សេចក្តី​អាម៉ាស់​ខ្មាស ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

8 ហើយ​ឥឡូវ នៅ​វេលា​១​ភ្លែត​នេះ មាន​ព្រះ‌គុណ​សំដែង​មក​ដល់​យើង​ខ្ញុំ អំពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ឲ្យ​បាន​អ្នក​ខ្លះ​រួច​ចេញ ហើយ​ឲ្យ​បាន​បង្គោល​១​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ព្រះ​នៃ​យើង​ខ្ញុំ​បាន​បំភ្លឺ​ភ្នែក​យើង​ខ្ញុំ ហើយ​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​រស់​ឡើង​វិញ​បន្តិច នៅ​ក្នុង​ការ​បំរើ​គេ​នេះ

9 ដ្បិត​យើង​ខ្ញុំ​ជា​បាវ​បំរើ​គេ​មែន តែ​ព្រះ​នៃ​យើង​ខ្ញុំ​មិន​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ កំពុង​ដែល​នៅ​បំរើ​គេ​នោះ​ទេ គឺ​បាន​ផ្តល់​សេចក្តី​សប្បុរស​មក​យើង​ខ្ញុំ ឲ្យ​បាន​រស់​ឡើង​វិញ​បន្តិច នៅ​ភ្នែក​នៃ​ពួក​ស្តេច​សាសន៍​ពើស៊ី​ផង ដើម្បី​នឹង​តាំង​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង​ខ្ញុំ ហើយ​ជួស‌ជុល​ទី​បាក់‌បែក​ឡើង​វិញ ព្រម​ទាំង​ឲ្យ​មាន​កំផែង នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​ឡើង​ផង