កាឡាទី 1:2-8 KHOV

2 ខ្ញុំ និង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ យើង​ផ្ញើ​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កាឡាទី

3 សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា និង​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា

4 ដែល​ទ្រង់​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា ដើម្បី​នឹង​ប្រោស ឲ្យ​យើង​បាន​រួច​ពី​លោកីយ៍ ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​បំណង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​យើង

5 សូម​ឲ្យ​ទ្រង់​បាន​សិរី‌ល្អ ដល់​អស់​កល្ប‌ជានិច្ច​រៀង​ត​ទៅ អាម៉ែន។

6 ខ្ញុំ​ឆ្ងល់​ណាស់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​ព្រះ‌គុណ នៃ​ព្រះ‌គ្រីស្ទ ជា​ឆាប់​ម៉្លេះ និង​ទៅ​តាម​ដំណឹង​ល្អ​ផ្សេង​ទៀត​នោះ

7 ដែល​មិន​មែន​ជា​ដំណឹង​ល្អ​១​ទៀត​ទេ គឺ​មាន​មនុស្ស​ខ្លះ​បំភាន់​អ្នក​រាល់​គ្នា​វិញ ហើយ​ចង់​បង្ខូច​ដំណឹង​ល្អ​ព្រះ‌គ្រីស្ទ​ផង

8 ប៉ុន្តែ បើ​យើង​ខ្ញុំ ឬ​ទេវតា​ពី​ស្ថាន‌សួគ៌ នឹង​ប្រាប់​ដំណឹង​ណា​មក​អ្នក​រាល់​គ្នា ខុស​ពី​ដំណឹង​ល្អ ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ហើយ នោះ​ឲ្យ​គេ​ត្រូវ​បណ្តាសា​ចុះ