កាឡាទី 3 KHOV

ជំនឿ និង​ក្រឹត្យ‌វិន័យ

1 ឱ​ពួក​អ្នក​ស្រុក​កាឡាទី​ឥត​បើ​គិត​អើយ ដែល​បាន​បើក​សំដែង​ព្រះ‌យេស៊ូវ​គ្រីស្ទ​មក​យ៉ាង​ច្បាស់ នៅ​ភ្នែក​អ្នក​រាល់​គ្នា ហើយ​ទាំង​ជាប់​ឆ្កាង​ផង នោះ​តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​ដាក់​អ្នក​រាល់​គ្នា ឲ្យ​លែង​ស្តាប់​តាម​សេចក្តី​ពិត​វិញ​ដូច្នេះ

2 ខ្ញុំ​ចង់​សួរ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌វិញ្ញាណ ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​ដោយ​បាន​ស្តាប់ ទាំង​មាន​សេចក្តី​ជំនឿ

3 តើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​ឥត​បើ​គិត​ជា​ខ្លាំង​ដល់‌ម៉្លេះ​ឬ​អី ដែល​បាន​ចាប់​ផ្តើម ដោយ​ព្រះ‌វិញ្ញាណ​ហើយ តើ​ឥឡូវ​នេះ​បាន​គ្រប់​លក្ខណ៍​ឡើង ដោយ​សាច់​ឈាម​វិញ​ឬ

4 តើ​បាន​រង​ទុក្ខ​ច្រើន​ម៉្លេះ​ជា​ឥត​ប្រយោជន៍​ឬ​អី គឺ​បើ​ជា​ឥត​ប្រយោជន៍​មែន

5 ឯ​ព្រះ ដែល​ទ្រង់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ឫទ្ធិ‌បារមី​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​តើ​ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​ដោយ​ស្តាប់ ទាំង​មាន​សេចក្តី​ជំនឿ​វិញ

6 ដូច​ជា​លោក​អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្តី​នោះ បាន​រាប់​ជា​សេចក្តី​សុចរិត​ដល់​លោក

7 ដូច្នេះ ចូរ​ដឹង​ថា ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ នោះ​ជា​ពូជ​លោក​អ័ប្រា‌ហាំ​ហើយ

8 ហើយ​ដោយ​គម្ពីរ​បាន​ដឹង​ជា​មុន​ថា ព្រះ​ទ្រង់​នឹង​រាប់​ពួក​សាសន៍​ដទៃ​ជា​សុចរិត ដោយ​សេចក្តី​ជំនឿ បាន​ជា​មាន​សេចក្តី​ប្រកាស​ប្រាប់​មក ដល់​លោក​អ័ប្រា‌ហាំ​ជា​មុន​ថា «អស់​ទាំង​សាសន៍​នឹង​បាន​ពរ​ដោយ‌សារ​ឯង»

9 ដូច្នេះ អស់​អ្នក​ដែល​មាន​សេចក្តី​ជំនឿ នោះ​ឈ្មោះ​ថា​បាន​ពរ​ជា​មួយ​នឹង​លោក​អ័ប្រា‌ហាំ ដែល​ជា​អ្នក​ជឿ​ដែរ

10 តែ​អស់​អ្នក​ដែល​អាង​ដល់​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ នោះ​ត្រូវ​បណ្តាសា​វិញ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្តី ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ ដើម្បី​នឹង​ប្រព្រឹត្ត​តាម»

11 ហើយ​ច្បាស់​ជា​គ្មាន​អ្នក​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ ដោយ‌សារ​ក្រឹត្យ‌វិន័យ​ឡើយ ពី​ព្រោះ«មនុស្ស​សុចរិត​នឹង​រស់ ដោយ​អាង​សេចក្តី​ជំនឿ»

12 ឯ​ក្រឹត្យ‌វិន័យ មិន​អាង​សេចក្តី​ជំនឿ​ទេ គឺ​អ្នក​ណា​ដែល​អាច​នឹង​ប្រព្រឹត្ត តាម​សេចក្តី​ទាំង​នោះ​បាន អ្នក​នោះ​នឹង​រស់​នៅ ដោយ‌សារ​សេចក្តី​ទាំង​នោះ

13 ព្រះ‌គ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​សេចក្តី​បណ្តាសា​របស់​ក្រឹត្យ‌វិន័យ ដោយ​ទ្រង់​ត្រូវ​បណ្តាសា​ជំនួស​យើង​រាល់​គ្នា (ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ត្រូវ​ព្យួរ​នៅ​លើ​ឈើ»)

14 ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រា‌ហាំ បាន​មក​ដល់​អស់​ទាំង​សាសន៍​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សេចក្តី​សន្យា គឺ​ជា​ព្រះ‌វិញ្ញាណ ដោយ‌សារ​សេចក្តី​ជំនឿ។

ក្រឹត្យ‌វិន័យ និង​ព្រះ‌បន្ទូល​សន្យា

15 បង​ប្អូន​អើយ ខ្ញុំ​និយាយ​តាម​បែប​ភាព​មនុស្ស​ថា សូម្បី​តែ​សេចក្តី​សញ្ញា​របស់​មនុស្ស បើ​គេ​យល់​ព្រម​តាំង​នឹង​គ្នា​ជា​ស្រេច​ហើយ នោះ​គ្មាន​អ្នក​ណា​នឹង​លើក​ចោល ឬ​បន្ថែម​បញ្ចូល​អ្វី​ឡើយ

16 រីឯ​សេចក្តី​សន្យា​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​នឹង​លោក​អ័ប្រា‌ហាំ ហើយ​នឹង​ពូជ​លោក តែ​ទ្រង់​មិន​បាន​មាន​ព្រះ‌បន្ទូល​ថា «នឹង​ពូជ​ទាំង​ប៉ុន្មាន» ដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ គឺ​ចំពោះ​ពូជ​តែ​១​វិញ ដោយ​ថា «និង​ពូជ​លោក​១​នោះ​ឯង» គឺ​ជា​ព្រះ‌គ្រីស្ទ

17 ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា សេចក្តី​សញ្ញា​ដែល​ព្រះ​បាន​យល់​ព្រម​ជា​មុន នោះ​ក្រឹត្យ‌វិន័យ ដែល​កើត​ឡើង​៤៣០​ឆ្នាំ​ជា​ក្រោយ​នឹង​លើក​ចោល ឲ្យ​សេចក្តី​សញ្ញា​នោះ​ទៅ​ជា​ឥត​ប្រយោជន៍​មិន​បាន

18 ដ្បិត​បើ​សិន​ជា​មរដក​នោះ​បាន​មក ដោយ​អាង​ក្រឹត្យ‌វិន័យ នោះ​មិន​មែន​អាង​សេចក្តី​សន្យា​ទៀត​ទេ តែ​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​លោក​អ័ប្រា‌ហាំ តាម​សេចក្តី​សន្យា​វិញ

19 ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​មាន​ក្រឹត្យ‌វិន័យ នោះ​គឺ​បាន​បន្ថែម​បញ្ចូល ដោយ​ព្រោះ​សេចក្តី​រំលង​ច្បាប់ ទាល់​តែ​ពូជ

20 រីឯ​អ្នក​កណ្តាល នោះ​មិន​មែន​បង្រួប‌បង្រួម​អ្នក​ណា​តែ​ម្នាក់​ឯង​នោះ​ឡើយ តែ​ចំណែក​ព្រះ ទ្រង់​ជា​ព្រះ​តែ​១​ទេ។

21 ដូច្នេះ តើ​ក្រឹត្យ‌វិន័យ​ទាស់​ទទឹង​នឹង​សេចក្តី​សន្យា​នៃ​ព្រះ​ឬ​អី មិន​មែន​ទេ ដ្បិត​បើ​សិន​ជា​មាន​ក្រឹត្យ‌វិន័យ​ណា​ប្រទាន​មក ដែល​អាច​នឹង​ធ្វើ​ឲ្យ​រស់​បាន នោះ​ប្រាកដ​ជា​សេចក្តី​សុចរិត​នឹង​មក ដោយ‌សារ​ក្រឹត្យ‌វិន័យ​នោះ​ហើយ

22 ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្នុង​អំពើ​បាប ដើម្បី​ឲ្យ​សេចក្តី​ដែល​ទ្រង់​សន្យា បាន​ប្រទាន​មក​ដល់​ពួក​អ្នក​ជឿ​វិញ ដោយ‌សារ​សេចក្តី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ

23 តែ​កាល​មុន​ដែល​មាន​សេចក្តី​ជំនឿ​ចូល​មក នោះ​យើង​រាល់​គ្នា​ត្រូវ​បង្ខាំង​នៅ​ក្រោម​ក្រឹត្យ‌វិន័យ គឺ​ត្រូវ​ឃុំ​ទុក សំរាប់​សេចក្តី​ជំនឿ ដែល​ត្រូវ​លេច​មក

24 បាន​ជា​ក្រឹត្យ‌វិន័យ​ធ្វើ​ជា​អ្នក​ដឹក‌នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ‌គ្រីស្ទ ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត ដោយ​អាង​សេចក្តី​ជំនឿ

25 តែ​លុះ​កាល​សេចក្តី​ជំនឿ​បាន​មក​ដល់ នោះ​យើង​មិន​មែន​នៅ​ក្រោម​អំណាច របស់​អ្នក​ដឹក‌នាំ​នោះ​ទៀត​ទេ

26 ដ្បិត​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយ‌សារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ

27 ព្រោះ​អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ក្នុង​ព្រះ‌គ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​ប្រដាប់​កាយ​ដោយ​ព្រះ‌គ្រីស្ទ​ហើយ

28 គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស និង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

29 ហើយ​បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ‌គ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ​ហើយ ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្តី​សន្យា​ផង។

ជំពូក

1 2 3 4 5 6