8 ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ
9 ឯសេចក្តីដែលខ្ញុំទើបនឹងនិយាយអម្បាញ់មិញនេះ នោះខ្ញុំនិយាយម្តងទៀតថា បើអ្នកណាប្រាប់ដំណឹងណា ខុសអំពីដំណឹងល្អ ដែលអ្នករាល់គ្នាបានទទួលហើយ នោះឲ្យគេត្រូវបណ្តាសាចុះ
10 ដ្បិតតើខ្ញុំរកបញ្ចុះបញ្ចូលអ្នកណា តើជាមនុស្ស ឬព្រះ ឬចង់បំពេញចិត្តមនុស្សឬអី បើសិនជាខ្ញុំចង់បំពេញចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបំរើរបស់ព្រះគ្រីស្ទទេ។
11 បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ដំណឹងល្អដែលខ្ញុំបានថ្លែងប្រាប់ នោះមិនមែនតាមមនុស្សទេ
12 ដ្បិតខ្ញុំមិនបានទទួលមកពីមនុស្ស ក៏គ្មានអ្នកណាបង្រៀនខ្ញុំផង គឺដោយព្រះយេស៊ូវគ្រីស្ទបានបើកសំដែងវិញ
13 អ្នករាល់គ្នាបានឮនិយាយពីកិរិយារបស់ខ្ញុំ នៅក្នុងសាសនាពួកយូដាកាលពីដើមថា ខ្ញុំបានធ្វើទុក្ខបៀតបៀន ហើយបំផ្លាញដល់ពួកជំនុំនៃព្រះជាខ្លាំងណាស់
14 ហើយថា ខ្ញុំកំពុងតែជឿនឡើងក្នុងសាសនារបស់ពួកយូដា លើសជាងពួកសាសន៍ខ្ញុំ ដែលស្រករនឹងខ្ញុំជាច្រើនដែរ ពីព្រោះខ្ញុំមានចិត្តឧស្សាហ៍ តាមសណ្តាប់បុរាណរបស់ពួកឰយុកោខ្ញុំ លើសជាងគេសន្ធឹក