កាឡាទី 2:4-10 KHOV

4 ដែល​បង្ហាញ​គេ​ដូច្នេះ គឺ​ដោយ​ព្រោះ​ពួក​បង​ប្អូន​ក្លែង‌ក្លាយ ដែល​បាន​ស៊ក​សៀត​ចូល​មក ដោយ​លួច​លាក់ គេ​បាន​លួច​ចូល ដើម្បី​នឹង​លប​មើល​សេរី‌ភាព​នៃ​យើង​ខ្ញុំ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដោយ​ចង់​នាំ​ឲ្យ​យើង​ខ្ញុំ​ជាប់​ចំណងវិញ

5 តែ​យើង​ខ្ញុំ​មិន​ព្រម​ចុះ​ចូល​នឹង​ពួក​នោះ សូម្បី​តែ​១​ភ្លែត​ផង ដើម្បី​ឲ្យ​សេចក្តី​ពិត​របស់​ដំណឹង​ល្អ បាន​នៅ​ស្ថិត‌ស្ថេរ​ជាប់​នឹង​អ្នក​រាល់​គ្នា

6 តែ​ពួក​អ្នក ដែល​គេ​រាប់​ទុក​ជា​ប្រសើរ ទោះ​បើ​គេ​ជា​អ្វី​ក៏​ដោយ នោះ​ឥត​មាន​អំពល់​អ្វី​ដល់​ខ្ញុំ​ទេ ព្រោះ​ព្រះ​ទ្រង់​មិន​រើស​មុខ​អ្នក​ណា​ឡើយ ពួក​អ្នក​មុខ​នោះ​មិន​បាន​បន្ថែម​ចំណេះ​អ្វី​ឲ្យ​ខ្ញុំ​សោះ

7 តែ​កាល​គេ​បាន​ឃើញ​ថា ដំណឹង​ល្អ​សំរាប់​ពួក​មិន​កាត់​ស្បែក បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ ដូច​ជា​ដំណឹង​ល្អ​សំរាប់​ពួក​កាត់​ស្បែក បាន​ផ្ញើ​ទុក​នឹង​លោក​ពេត្រុស​ដែរ

8 (ដ្បិត​ព្រះ ដែល​បណ្តាល​ឲ្យ​លោក​ពេត្រុស ធ្វើ​ជា​សាវក​ដល់​ពួក​កាត់​ស្បែក នោះ​បាន​បណ្តាល​ឲ្យ​ខ្ញុំ ធ្វើ​ជា​សាវក​ដល់​ពួក​សាសន៍​ដទៃ​ដែរ)

9 ហើយ​កាល​បាន​ឃើញ​ព្រះ‌គុណ ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ នោះ​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​គេ​រាប់​ទុក​ជា​សសរ​ទ្រូង លោក​បាន​លូក​ដៃ​ស្តាំ​មក​ទទួល​ខ្ញុំ និង​បាណា‌បាស ក្នុង​សេចក្តី​ប្រកប​គ្នា ដើម្បី​ឲ្យ​យើង​ខ្ញុំ​ទៅ​ឯ​សាសន៍​ដទៃ ហើយ​លោក​ទៅ​ឯ​ពួក​កាត់​ស្បែក​វិញ

10 លោក​ផ្តាំ​ឲ្យ​តែ​យើង​ខ្ញុំ​នឹង​ចាំ​ពី​ពួក​អ្នក​ក្រ ជា​ការ​ដែល​ខ្ញុំ​ឧស្សាហ៍​ខំ​ធ្វើ​ដែរ។