7 ដូច្នេះ ចូរដឹងថា ពួកអ្នកដែលមានសេចក្តីជំនឿ នោះជាពូជលោកអ័ប្រាហាំហើយ
8 ហើយដោយគម្ពីរបានដឹងជាមុនថា ព្រះទ្រង់នឹងរាប់ពួកសាសន៍ដទៃជាសុចរិត ដោយសេចក្តីជំនឿ បានជាមានសេចក្តីប្រកាសប្រាប់មក ដល់លោកអ័ប្រាហាំជាមុនថា «អស់ទាំងសាសន៍នឹងបានពរដោយសារឯង»
9 ដូច្នេះ អស់អ្នកដែលមានសេចក្តីជំនឿ នោះឈ្មោះថាបានពរជាមួយនឹងលោកអ័ប្រាហាំ ដែលជាអ្នកជឿដែរ
10 តែអស់អ្នកដែលអាងដល់ការប្រព្រឹត្តតាមក្រឹត្យវិន័យ នោះត្រូវបណ្តាសាវិញ ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្តាសាហើយ អស់អ្នកណាដែលមិនកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្តី ដែលកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យ ដើម្បីនឹងប្រព្រឹត្តតាម»
11 ហើយច្បាស់ជាគ្មានអ្នកណាបានរាប់ជាសុចរិត នៅចំពោះព្រះ ដោយសារក្រឹត្យវិន័យឡើយ ពីព្រោះ«មនុស្សសុចរិតនឹងរស់ ដោយអាងសេចក្តីជំនឿ»
12 ឯក្រឹត្យវិន័យ មិនអាងសេចក្តីជំនឿទេ គឺអ្នកណាដែលអាចនឹងប្រព្រឹត្ត តាមសេចក្តីទាំងនោះបាន អ្នកនោះនឹងរស់នៅ ដោយសារសេចក្តីទាំងនោះ
13 ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្តីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា (ដ្បិតមានសេចក្តីចែងទុកមកថា «ត្រូវបណ្តាសាហើយ អ្នកណាដែលត្រូវព្យួរនៅលើឈើ»)