2 (ជាដំណឹងល្អដែលទ្រង់បានសន្យាពីដើម ដោយសារពួកហោរាទ្រង់ ទុកក្នុងគម្ពីរបរិសុទ្ធ
3 គឺពីព្រះរាជបុត្រានៃព្រះ ដែលខាងឯសាច់ឈាម ទ្រង់បានចាប់កំណើតក្នុងព្រះវង្សាហ្លួងដាវីឌ
4 តែខាងឯព្រះវិញ្ញាណនៃសេចក្តីបរិសុទ្ធ នោះបានសំដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្តាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា
5 ដែលយើងខ្ញុំបានទទួលព្រះគុណ និងងារជាសាវកដោយសារទ្រង់ សំរាប់ឲ្យមានមនុស្សចុះចូល តាមសេចក្តីជំនឿ នៅកណ្តាលអស់ទាំងសាសន៍ ទុកជាប្រយោជន៍ដល់ព្រះនាមទ្រង់
6 ដែលអ្នករាល់គ្នាក៏នៅក្នុងពួកអ្នកទាំងនោះ ជាពួកអ្នកដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានហៅដែរ)
7 ខ្ញុំផ្ញើមកអស់អ្នក នៅក្រុងរ៉ូមជាពួកស្ងួនភ្ងានៃព្រះ ដែលទ្រង់បានហៅមកធ្វើជាពួកបរិសុទ្ធ សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយនូវព្រះគុណ និងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
8 មុនដំបូង ខ្ញុំសូមអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយនូវព្រះយេស៊ូវគ្រីស្ទ ពីដំណើរអ្នករាល់គ្នា ដោយឮគេថ្លែងប្រាប់ នៅគ្រប់ក្នុងលោកីយ៍ទាំងមូល ពីសេចក្តីជំនឿរបស់អ្នករាល់គ្នា