រ៉ូម 1:26-32 KHOV

26 ហេតុ​នោះ​បាន​ជា​ព្រះ​ទ្រង់​ប្រគល់​គេ ទៅ​ក្នុង​សេចក្តី​រំជួល​ដ៏​អាស្រូវ​បារាយ ដ្បិត​ទាំង​ពួក​ស្រីៗ​របស់​គេ ក៏​បាន​ផ្លាស់​ប្រែ​ទំនៀម‌ទំលាប់​ពី​បវេណី​ចេញ ឲ្យ​ខុស​ពី​ធម្មតា

27 ហើយ​ពួក​ប្រុសៗ​ក៏​បែប​ដូច្នោះ​ដែរ គេ​បាន​លះ​ចោល​ទំនៀម‌ទំលាប់​របស់​ស្ត្រី​ពី​បវេណី​ចេញ ហើយ​បង្កើត​ឲ្យ​មាន​សេចក្តី​សំរើប​រោល‌រាល ដល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ប្រុស​ប្រព្រឹត្ត​នឹង​ប្រុសៗ ជា​ការ​ដ៏​អាក្រក់​ជួ‌ជាតិ នោះ​គេ​ក៏​ទទួល​រង្វាន់​ចំពោះ​ខ្លួន​គេ ដែល​សំណំ​នឹង​សេចក្តី​កំហុស​របស់​ខ្លួន

28 ហើយ​ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ដល់​ព្រះ​សោះ បាន​ជា​ទ្រង់​ប្រគល់​គេ​ទៅ​តាម​គំនិត​ចោល‌ម្សៀត​វិញ ដើម្បី​ឲ្យ​បាន​សំរេច​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ

29 ជា​មនុស្ស​មាន​ពេញ​ដោយ​សេចក្តី​ទុច្ចរិត​គ្រប់​យ៉ាង គឺ​សេចក្តី​កំផិត សេចក្តី​កំណាច សេចក្តី​លោភ និង​សេចក្តី​ព្យាបាទ ក៏​មាន​សេចក្តី​ឈ្នានីស និង​ការ​កាប់​សំឡាប់ ឈ្លោះ​ប្រកែក កិច្ច‌កល គំនិត​ខិល‌ខូច​ដ៏​ពោរ‌ពេញ​ផង

30 ជា​មនុស្ស​ចែ‌ចូវ បេះ‌បួយ ស្អប់​ព្រះ ព្រហើន​ឈ្លាន‌ពាន មានះ​កាន់​ខ្លួន អួត​អាង ជា​មេ​បង្កើត​ការ​អាក្រក់ ហើយ​មិន​ស្តាប់​បង្គាប់​តាម​ឪពុក​ម្តាយ

31 ឥត​យោបល់ មាន​ចិត្ត​មិន​ទៀង មិន​ចេះ​ស្រឡាញ់​តាម​ធម្មតា ក៏​ឥត​មាន​សេចក្តី​មេត្តា‌ករុណា​សោះ

32 គេ​ក៏​ស្គាល់​សេចក្តី​ជំនុំ‌ជំរះ​ដ៏​សុចរិត​របស់​ព្រះ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​យ៉ាង​ដូច្នោះ នោះ​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែ​គេ​មិន​គ្រាន់​តែ​ប្រព្រឹត្ត​យ៉ាង​នោះ​ប៉ុណ្ណោះ គឺ​គេ​ចូល​ចិត្ត​យល់​ព្រម​នឹង​អស់​អ្នក​ណា ដែល​ប្រព្រឹត្ត​ដូច្នោះ​ផង​ដែរ។