1 ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលរាស្ត្រទ្រង់ឬអី ទេ មិនមែនទេ ដ្បិតខ្លួនខ្ញុំជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជលោកអ័ប្រាហាំ កើតក្នុងពូជអំបូរបេនយ៉ាមីន
2 ព្រះទ្រង់មិនបានបោះបង់ចោលរាស្ត្រទ្រង់ ដែលទ្រង់ស្គាល់ជាមុននោះទេ តើអ្នករាល់គ្នាមិនដឹងរឿងពីលោកអេលីយ៉ា ដែលគម្ពីរថាដូចម្តេចទេឬអី គឺដែលលោកអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលថា
3 «ឱព្រះអម្ចាស់អើយ គេបានសំឡាប់ពួកហោរាទ្រង់ ហើយរំលំអាសនាទាំងប៉ុន្មានរបស់ទ្រង់ មានសល់តែទូលបង្គំ១ ហើយគេរកសំឡាប់ទូលបង្គំទៀត»
4 ប៉ុន្តែ ព្រះទ្រង់ឆ្លើយនឹងលោកយ៉ាងដូចម្តេច គឺឆ្លើយថា «អញបានទុកមនុស្ស៧ពាន់នាក់សំរាប់អញ ដែលមិនបានលុតជង្គង់នៅមុខព្រះបាលសោះ»
5 ដូច្នេះ សព្វថ្ងៃនេះ ក៏មានសំណល់សល់ដែលទ្រង់បានរើសតាំង ដោយព្រះគុណដែរ
6 ហើយបើសិនជាដោយសារព្រះគុណពិត នោះមិនមែនដោយអាងការប្រព្រឹត្តទៀតទេ ពុំនោះ ព្រះគុណមិនមែនជាព្រះគុណទៀត តែបើអាងដោយការប្រព្រឹត្តមែន នោះមិនមែនដោយព្រះគុណទៀត ពុំនោះ ការប្រព្រឹត្តមិនមែនការប្រព្រឹត្តទៀតទេ
7 ដូច្នេះ តើដូចម្តេច គឺថា សេចក្តីដែលសាសន៍អ៊ីស្រាអែលស្វែងរក នោះគេរកមិនបានទេ តែពួករើសតាំងរកបានសេចក្តីនោះវិញ ហើយពួកអ្នកឯទៀតត្រូវមានចិត្តរឹងរូស