រ៉ូម 11:6-12 KHOV

6 ហើយ​បើ​សិន​ជា​ដោយ‌សារ​ព្រះ‌គុណ​ពិត នោះ​មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទៀត​ទេ ពុំ​នោះ ព្រះ‌គុណ​មិន​មែន​ជា​ព្រះ‌គុណ​ទៀត តែ​បើ​អាង​ដោយ​ការ​ប្រព្រឹត្ត​មែន នោះ​មិន​មែន​ដោយ​ព្រះ‌គុណ​ទៀត ពុំ​នោះ ការ​ប្រព្រឹត្ត​មិន​មែន​ការ​ប្រព្រឹត្ត​ទៀត​ទេ

7 ដូច្នេះ តើ​ដូច​ម្តេច គឺ​ថា សេចក្តី​ដែល​សាសន៍​អ៊ីស្រា‌អែល​ស្វែង​រក នោះ​គេ​រក​មិន​បាន​ទេ តែ​ពួក​រើស​តាំង​រក​បាន​សេចក្តី​នោះ​វិញ ហើយ​ពួក​អ្នក​ឯ​ទៀត​ត្រូវ​មាន​ចិត្ត​រឹង‌រូស

8 ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​មាន​វិញ្ញាណ​រលីវ ភ្នែក​ដែល​មើល​មិន​ឃើញ និង​ត្រចៀក​ដែល​ស្តាប់​មិន​ឮ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ»

9 ហ្លួង​ដាវីឌ​ក៏​មាន​ព្រះ‌បន្ទូល​ថា «ឲ្យ​តុគេ​ត្រឡប់​ទៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​គេ​ចុះ គឺ​ជា​ហេតុ​ឲ្យ​វិនាស រវាត​ចិត្ត ហើយ​ជា​សំណង​ដល់​គេ​ដែរ

10 ឲ្យ​ភ្នែក​គេ​ត្រូវ​ងងឹត មិន​ឲ្យ​ឃើញ​ឡើយ ហើយ​ឲ្យ​ខ្នង​គេ​ត្រូវ​បង្កោង​ជានិច្ច​ផង»។

11 ដូច្នេះ ខ្ញុំ​សួរ​ថា តើ​គេ​បាន​ជំពប់ ឲ្យ​គ្រាន់​តែ​ដួល​ប៉ុណ្ណោះ​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ដោយ‌សារ​ការ​ដួល​របស់​គេ បាន​ជា​មាន​សេចក្តី​សង្គ្រោះ ផ្សាយ​ទៅ​ដល់​ពួក​សាសន៍​ដទៃ​វិញ ដើម្បី​បណ្តាល​ឲ្យ​គេ​ច្រណែន

12 ដូច្នេះ បើ​ការ​ដួល​របស់​គេ ជា​សេចក្តី​ចំរើន​ដល់​លោកីយ៍ ហើយ​សេចក្តី​ខ្វះ​មិន​ពេញ​ខ្នាត​របស់​គេ ជា​សេចក្តី​ចំរើន​ដល់​ពួក​សាសន៍​ដទៃ​វិញ នោះ​តើ​សេចក្តី​ពេញ​ខ្នាត​របស់​គេ នឹង​បាន​លើស​ជាង​យ៉ាង​ណា​ទៅ។