រ៉ូម 15:3-9 KHOV

3 ដ្បិត​ព្រះ‌គ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដែរ ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា «សេចក្តី​ដំនៀល​ដែល​គេ​ត្មះ‌តិះដៀល​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូល‌បង្គំ​វិញ»

4 ដ្បិត​អស់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្តី​សង្ឃឹម ដោយ​សេចក្តី​អត់​ធន់ និង​សេចក្តី​កំសាន្ត​ចិត្ត ដោយ‌សារ​គម្ពីរ

5 ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្តី​អត់‌ធ្មត់ និង​សេចក្តី​កំសាន្ត​ចិត្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​១ តាម​ព្រះ‌គ្រីស្ទ​យេស៊ូវ

6 ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរ‌ដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។

7 ដូច្នេះ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ‌គ្រីស្ទ​បាន​ទទួល​យើង​ដែរ សំរាប់​នឹង​សរសើរ​ដល់​ព្រះ​ចុះ។

8 ឥឡូវ​ខ្ញុំ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ត្រឡប់​ជា​អ្នក​បំរើ ដល់​ពួក​អ្នក​កាត់​ស្បែក ដើម្បី​នឹង​សំដែង​សេចក្តី​ស្មោះ‌ត្រង់​នៃ​ព្រះ ប្រយោជន៍​នឹង​បញ្ជាក់​សេចក្តី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ

9 ហើយ​ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ‌ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្តី​មេត្តា‌ករុណា​របស់​ទ្រង់ តាម​សេចក្តី​ដែល​ចែង​ទុក​មក​ថា «ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​នឹង​សរសើរ‌ដំកើង​ទ្រង់​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ទូល‌បង្គំ​នឹង​ច្រៀង​ទំនុក​បរិសុទ្ធ ថ្វាយ​ព្រះ‌នាម​ទ្រង់»