រ៉ូម 3:20-26 KHOV

20 ហេតុ​នោះ​បាន​ជា​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ទ្រង់ ដោយ​អាង​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​ឡើយ ដ្បិត​ក្រឹត្យ‌វិន័យ​គ្រាន់​តែ​សំដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។

21 ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រឹត្យ‌វិន័យ សេចក្តី​សុចរិត​ផង​ព្រះ​ដែល​មាន​ទាំង​ក្រឹត្យ‌វិន័យ និង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ

22 គឺ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដែល​បាន​ដោយ‌សារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ

23 ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី‌ល្អនៃ​ព្រះ

24 តែ​ដោយ​ពឹង​ដល់​ព្រះ‌គុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយ‌សារ​សេចក្តី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

25 ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​សន្តោស​ប្រោស ដោយ‌សារ​សេចក្តី​ជំនឿ​ដល់​ព្រះ‌លោហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ ចំពោះ​ការ​ដែល​ទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម ដោយ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់

26 ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ ថា​ជា​សុចរិត​ដែរ។