រ៉ូម 5:12-18 KHOV

12 ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ ដោយ‌សារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្តី​ស្លាប់​ចូល​មក​ដែរ ដោយ‌សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​បាន​ឆ្លង​រាល‌ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ

13 (ព្រោះ​រមែង​មាន​បាប​នៅ​ក្នុង​លោកីយ៍ ដរាប​ដល់​ក្រឹត្យ‌វិន័យ តែ​កាល​មិន​ទាន់​មាន​ក្រឹត្យ‌វិន័យ​នៅ​ឡើយ នោះ​មិន​បាន​រាប់​ជា​ទោស​ដល់​គេ​ទេ

14 ប៉ុន្តែ​ចាប់​តាំង​ពី​លោក​អ័ដាម ដរាប​ដល់​លោក​ម៉ូសេ នោះ​សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ លើ​ទាំង​ពួក​អ្នក​ដែល​ធ្វើ​បាប មិន​មែន​ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ផង ដែល​លោក​ជា​គំរូ​ពី​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក

15 ប៉ុន្តែ ព្រះ‌គុណ​មិន​មែន​ដូច​ជា​អំពើ​រំលង​នោះ​ទេ ដ្បិត​បើ​សិន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​តែ​ម្នាក់ នោះ​ប្រាកដ​ជា​ព្រះ‌គុណ​នៃ​ព្រះ ហើយ​នឹង​អំណោយ​ទាន​នៃ​ព្រះ‌គុណ​នោះ ដែល​មក​ដោយ‌សារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ នឹង​បាន​ចំរើន​លើស​ទៅ​ទៀត ដល់​មនុស្ស​ជា​ច្រើន​ដែរ

16 ហើយ​អំណោយ​ទាន​នោះ ក៏​មិន​មែន​ដូច​ជា​អំពើ​បាប ដែល​មនុស្ស​តែ​ម្នាក់​បាន​ធ្វើ​នោះ​ទៀត ដ្បិត​សេចក្តី​ជំនុំ‌ជំរះ ដែល​កើត​មក ដោយ​ព្រោះ​ម្នាក់​នោះ​ឯង នោះ​បាន​កាត់​ទោស​ហើយ តែ​ព្រះ‌គុណ ដែល​កើត​មក​ដោយ​ព្រោះ​ការ​រំលង​ជា​ច្រើន នោះ​បាន​រាប់​យើង​ទុក​ជា​សុចរិត​វិញ

17 ដ្បិត បើ​សិន​ជា​សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ ដោយ‌សារ​មនុស្ស​តែ​ម្នាក់ ដោយ​ព្រោះ​ម្នាក់​នោះ​ឯង​បាន​ប្រព្រឹត្ត​សេចក្តី​រំលង ដូច្នេះ ប្រាកដ​ជា​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ និង​អំណោយ​ទាន​ជា​សេចក្តី​សុចរិត នោះ​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិតលើស​ទៅ​ទៀត ដោយ‌សារ​តែ​ម្នាក់​ដែរ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ)

18 ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោស ដោយ​ព្រោះ​អំពើ​រំលង​តែ​១ នោះ​មនុស្ស​ទាំង​អស់​ក៏​បាន​រាប់​ជា​សុចរិត​ឲ្យ​បាន​ជីវិត​វិញ ដោយ‌សារ​អំពើ​សុចរិត​តែ​១​បែប​ដូច្នោះ​ដែរ