រ៉ូម 7:12-18 KHOV

12 ដូច្នេះ ក្រឹត្យ‌វិន័យ​ជា​បរិសុទ្ធ​ទេ ហើយ​សេចក្តី​បញ្ញត្ត​ក៏​បរិសុទ្ធ សុចរិត ល្អ​ដែរ

13 ចុះ​សេចក្តី​ល្អ​នេះ បាន​ប្រែ​ទៅ​ជា​ឲ្យ​ខ្ញុំ​ស្លាប់​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ជា​បាប​វិញ​ទេ​តើ ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់ ដោយ‌សារ​សេចក្តី​ល្អ​នោះ ដើម្បី​ឲ្យ​បាប​បាន​សំដែង​ចេញ​មក​ថា​ជា​បាប​មែន ហើយ​ឲ្យ​បាប​បាន​ត្រឡប់​ទៅ​ជា​ធ្ងន់​ក្រៃលែង ដោយ‌សារ​សេចក្តី​បញ្ញត្ត​នោះ​ផង។

14 ដ្បិត​យើង​ដឹង​ថា ក្រឹត្យ‌វិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​នៅ​ខាង​សាច់​ឈាម​វិញ ដោយ​បាន​ត្រូវ​លក់​ទៅ​ក្នុង​អំណាច​របស់​បាប

15 ពី​ព្រោះ​ខ្ញុំ​មិន​ដឹង​ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត​ទេ ដ្បិត​ខ្ញុំ​មិន​ធ្វើ​ការ​ដែល​ខ្ញុំ​ចង់​ធ្វើ​សោះ គឺ​តែង​តែ​ប្រព្រឹត្ត​ការ​ដែល​ខ្ញុំ​ស្អប់​វិញ

16 បើ​សិន​ជា​ខ្ញុំ​តែង​តែ​ប្រព្រឹត្ត​ការ ដែល​ខ្ញុំ​មិន​ចង់​ធ្វើ នោះ​ខ្ញុំ​យល់​ព្រម​ថា ក្រឹត្យ‌វិន័យ​ល្អ​មែន

17 ដូច្នេះ មិន​មែន​ខ្ញុំ​ដែល​ធ្វើ​ការ​នោះ​ទៀត​ទេ គឺ​ជា​បាប​ទេ​តើ ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​វិញ

18 ដ្បិត​ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ក្នុង​សាច់​ឈាម​ខ្ញុំ គ្មាន​អ្វី​ល្អ​ទេ ព្រោះ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ល្អ​ជានិច្ច ប៉ុន្តែ រក​ធ្វើ​មិន​កើត​សោះ