2 ពីព្រោះស្ត្រីណាដែលមានប្ដីនៅរស់ នោះជាប់នឹងប្ដីដោយសារក្រឹត្យវិន័យ ប៉ុន្តែ បើកាលណាប្ដីស្លាប់ទៅ នោះបានរួចពីច្បាប់របស់ប្ដីហើយ
3 ដូច្នេះ កាលប្ដីកំពុងរស់នៅឡើយ បើស្ត្រីនោះទៅយកប្ដី១ទៀត នោះគេសន្មតហៅថាជាស្រីកំផិត តែបើប្ដីស្លាប់ទៅ នោះនាងបានរួចពីច្បាប់នោះហើយ បានជាទោះបើនាងយកប្ដី១ទៀត ក៏មិនបានហៅថាជាស្រីកំផិតឡើយ
4 យ៉ាងដូច្នោះ បងប្អូនអើយ អ្នករាល់គ្នាក៏បានស្លាប់ពីខាងឯក្រឹត្យវិន័យដែរ ដោយសាររូបអង្គនៃព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាបានទៅជារបស់ផងអ្នកម្នាក់ទៀត ដែលបានរស់ពីស្លាប់ឡើងវិញ ប្រយោជន៍ឲ្យយើងបានបង្កើតផលថ្វាយព្រះ
5 ដ្បិតកាលយើងនៅខាងសាច់ឈាមនៅឡើយ នោះសេចក្តីរំជួលរបស់អំពើបាប ដែលកើតដោយនូវក្រឹត្យវិន័យ បានបណ្តាលឲ្យអស់ទាំងអវយវៈ ក្នុងរូបកាយរបស់យើងរាល់គ្នា បង្កើតផលដល់សេចក្តីស្លាប់
6 តែឥឡូវនេះ យើងបានរួចពីក្រឹត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្តីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ។
7 ដូច្នេះ យើងនឹងថាដូចម្តេច តើក្រឹត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រឹត្យវិន័យចេញ ដ្បិតបើសិនជាក្រឹត្យវិន័យមិនបានថា «កុំឲ្យលោភ» នោះខ្ញុំឥតបានដឹងថា មានសេចក្តីលោភផងឡើយ
8 តែកាលអំពើបាបបានឱកាស ដោយសារបញ្ញត្ត នោះក៏បង្កើតគ្រប់ទាំងសេចក្តីលោភ នៅក្នុងខ្លួនខ្ញុំវិញ ដ្បិតក្រៅពីក្រឹត្យវិន័យ អំពើបាបបានស្លាប់សូន្យ