20 ប៉ុន្តែ ឱមនុស្សអើយ តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ តើរបស់ដែលជាងស្មូនបានសូនធ្វើហើយ នឹងនិយាយទៅជាងនោះថា ហេតុអ្វីបានជាសូនធ្វើអញដូច្នេះឬអី
21 តើជាងស្មូនគ្មានអំណាចលើដីឥដ្ឋ និងយកដុំដីដដែលធ្វើជាវត្ថុ១សំរាប់ការដ៏ប្រសើរ ហើយ១ទៀតសំរាប់ការមិនប្រសើរទេឬអី
22 ចុះបើសិនជាព្រះទ្រង់ចង់សំដែងសេចក្តីក្រោធ ព្រមទាំងបើកឲ្យស្គាល់ព្រះចេស្តា ដល់គ្រឿងប្រដាប់គួរនឹងក្រោធ ដែលរៀបចំឡើងសំរាប់តែត្រូវបំផ្លាញដូច្នេះ ដែលទ្រង់ទ្រាំទ្រដោយអំណត់ជាយូរមកហើយ
23 ហើយបើទ្រង់ចង់បើកឲ្យគ្រឿងប្រដាប់ ដែលគួរនឹងសេចក្តីមេត្តាករុណា ដែលទ្រង់បានរៀបចំជាមុន បានស្គាល់សេចក្តីវិសេសនៃសិរីល្អដ៏បរិសុទ្ធរបស់ទ្រង់វិញ
24 គឺយើងរាល់គ្នាដែលទ្រង់បានហៅមក មិនមែនពីសាសន៍យូដាតែប៉ុណ្ណោះ គឺពីសាសន៍ដទៃផង នោះធ្វើដូចម្តេចទៅ
25 ដូចមានសេចក្តីចែងទុកក្នុងគម្ពីរហូសេ សំដែងមកថា «អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញ ថាជារាស្ត្រអញវិញ ហើយអ្នកនោះដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងាដែរ»
26 ដូច្នេះ នៅកន្លែងដែលបានសំដែងថា «ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ» ត្រង់កន្លែងនោះឯងនឹងហៅគេថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់នៅវិញ