១ ថែស្សាឡូនីច 2 KHOV

បេសក‌កម្ម​របស់​ប៉ុល​នៅ​ក្រុង​ថែស្សា‌ឡូ‌នីច

1 ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ដឹង​ហើយ ពី​បែប​ដែល​យើង​ខ្ញុំ​ចូល​មក​ឯ​អ្នក​រាល់​គ្នា​ថា មិន​មែន​ជា​ឥត​កើត​ផល​ទេ

2 ឯ​ក្រោយ​ដែល​យើង​ខ្ញុំ​បាន​រង​ទុក្ខ និង​ត្រូវ​គេ​ជេរ​ប្រមាថ នៅ​ក្រុង​ភីលីព ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​ក្លាហាន ដោយ‌សារ​ព្រះ​នៃ​យើង​ខ្ញុំ ដើម្បី​នឹង​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​ដល់​អ្នក​រាល់​គ្នា​ដែរ ទាំង​មាន​សេចក្តី​ត‌យុទ្ធ​ជា​ច្រើន​ផង

3 ដ្បិត​សេចក្តី​ដែល​យើង​ខ្ញុំ​ទូន្មាន នោះ​មិន​មែន​កើត​ពី​សេចក្តី​ខុស‌ឆ្គង ឬ​ពី​សេចក្តី​ស្មោក‌គ្រោក ឬ​ពី​សេចក្តី​ឆ‌បោក​នោះ​ទេ

4 តែ​តាម​ដែល​ព្រះ​ទ្រង់​ល្បង​ល​ឃើញ​ថា គួរ​នឹង​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​យើង​ខ្ញុំ​ជា​យ៉ាង​ណា នោះ​យើង​ខ្ញុំ​បាន​អធិប្បាយ​តាម​បែប​យ៉ាង​នោះ​ឯង មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ដល់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ល្បង​ល​ចិត្ត​របស់​យើង​ខ្ញុំ

5 ដ្បិត​យើង​ខ្ញុំ​មិន​ដែល​ប្រើ​ពាក្យ​បញ្ចើច ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់ ឬ​ប្រព្រឹត្ត​ដោយ​ចិត្ត​លោភ​ឡើយ សឹង​មាន​ព្រះ​ទ្រង់​ជា​សាក្សី​ហើយ

6 ហើយ​ទោះ​បើ​យើង​ខ្ញុំ​មាន​អំណាច និង​នៅ​ជា​បន្ទុក​លើ​អ្នក​រាល់​គ្នា ទុក​ដូច​ជា​សាវក​នៃ​ព្រះ‌គ្រីស្ទ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​មិន​រក​ឲ្យ​មនុស្ស​គោរព​ប្រតិ‌បត្តិ​ដល់​យើង​ខ្ញុំ​ឡើយ ទោះ​អ្នក​រាល់​គ្នា ឬ​អ្នក​ណា​ទៀត​ក្តី

7 យើង​ខ្ញុំ​បាន​នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ​ស្លូត‌បូត​វិញ ប្រៀប​ដូច​ជា​ម្តាយ​ថ្នម​កូន ដែល​កំពុង​នៅ​បៅ

8 គឺ​យ៉ាង​នោះ​ហើយ ដែល​យើង​ខ្ញុំ​បាន​ស្រឡាញ់​ដល់​អ្នក​រាល់​គ្នា ដល់​ម៉្លេះ​បាន​ជា​យើង​ខ្ញុំ​ចូល​ចិត្ត​ចែក​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ចូល​ចិត្ត​ចែក​ទាំង​ជីវិត​យើង​ខ្ញុំ​ផង ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ស្ងួនភ្ងា​ដល់​យើង​ខ្ញុំ

9 ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ការ​យ៉ាង​ធ្ងន់ ហើយ​នឿយ​ហត់ ដែល​យើង​ខ្ញុំ​បាន​ធ្វើ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ព្រួយ ដោយ‌សារ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា ដោយ​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ

10 អ្នក​រាល់​គ្នា ហើយ​ព្រះ​ផង ជា​ស្មរ​បន្ទាល់​អំពី​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ជឿ បែប​យ៉ាង​ណា ដោយ​បរិសុទ្ធ សុចរិត ហើយ​ឥត​កន្លែង​បន្ទោស​បាន

11 ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​នីមួយៗ ដូច​ជា​ឪពុក និង​កូន ទាំង​ទូន្មាន និង​កំសាន្ត​ចិត្ត​ផង

12 ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរី‌ល្អ​របស់​ទ្រង់។

13 ដោយ​ហេតុ​នេះ​ទៀត បាន​ជា​យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ឥត​មាន​ដាច់ គឺ​ដោយ​ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល ជា​ដំណឹង​ពី​ព្រះ ដោយ‌សារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល​តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែល​បណ្តាល​មក​ក្នុង​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ជឿ

14 ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​បាន​ត្រាប់​តាម​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នៅ​ស្រុក​យូដា ពី​ព្រោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​អ្នក​ស្រុក​របស់​អ្នក​រាល់​គ្នា ដូច​ជា​ពួក​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​សាសន៍​យូដា​ដែរ

15 ដែល​គេ​បាន​សំឡាប់​ទាំង​ព្រះ‌អម្ចាស់​យេស៊ូវ និង​ពួក​ហោរា​ផង ក៏​បាន​បណ្តេញ​យើង​ខ្ញុំ​ទៀត ពួក​នោះ​មិន​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​ទេ ហើយ​ក៏​ទាស់​ទទឹង​នឹង​មនុស្ស​ទាំង​អស់​ដែរ

16 គេ​ហាម​មិន​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ដល់​ពួក​សាសន៍​ដទៃ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ឡើយ គឺ​ដើម្បី​តែ​នឹង​បំពេញ​អំពើ​បាប​របស់​ខ្លួន​គេ​ជានិច្ច​ប៉ុណ្ណោះ តែ​សេចក្តី​ក្រោធ​បាន​មក​លើ​គេ​ពេញ​ទី​ហើយ។

ប៉ុល​ចង់​ជួប​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​ថែស្សា‌ឡូ‌នីច

17 បង​ប្អូន​អើយ ក្រោយ​ដែល​យើង​ខ្ញុំ​ត្រូវ​ឃ្លាត​មុខ​ពី​អ្នក​រាល់​គ្នា​បន្តិច តែ​មិន​មែន​ឃ្លាត​ចិត្ត​ឡើយ នោះ​យើង​ខ្ញុំ​មាន​ចិត្ត​សង្វាត រឭក​ចង់​ឃើញ​មុខ​អ្នក​រាល់​គ្នា​វិញ​ជា​ខ្លាំង

18 បាន​ជា​យើង​ខ្ញុំ​ចង់​មក​សួរ​អ្នក​រាល់​គ្នា គឺ​ប៉ុល​ខ្ញុំ​ចង់​មក​មួយ​ដង​ពីរ​ទៅ​ហើយ តែ​អារក្ស​សាតាំង​បាន​ឃាត់​យើង​ខ្ញុំ​វិញ

19 ដ្បិត​តើ​សេចក្តី​សង្ឃឹម សេចក្តី​អំណរ និង​មកុដ​ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​រីក‌រាយ​ឡើង នោះ​ជា​អ្វី បើ​មិន​មែន​ជា​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ក្នុង​កាល​ដែល​ទ្រង់​យាង​មក​ប៉ុណ្ណោះ

20 ដ្បិត​អ្នក​រាល់​គ្នា​ជា​សិរី‌ល្អ ហើយ​ជា​សេចក្តី​អំណរ​របស់​យើង​ខ្ញុំ​ពិត​មែន។

ជំពូក

1 2 3 4 5