១ ថែស្សាឡូនីច 2:9-15 KHOV

9 ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ការ​យ៉ាង​ធ្ងន់ ហើយ​នឿយ​ហត់ ដែល​យើង​ខ្ញុំ​បាន​ធ្វើ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ព្រួយ ដោយ‌សារ​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ មក​អ្នក​រាល់​គ្នា ដោយ​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ

10 អ្នក​រាល់​គ្នា ហើយ​ព្រះ​ផង ជា​ស្មរ​បន្ទាល់​អំពី​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ជឿ បែប​យ៉ាង​ណា ដោយ​បរិសុទ្ធ សុចរិត ហើយ​ឥត​កន្លែង​បន្ទោស​បាន

11 ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​នីមួយៗ ដូច​ជា​ឪពុក និង​កូន ទាំង​ទូន្មាន និង​កំសាន្ត​ចិត្ត​ផង

12 ហើយ​ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរី‌ល្អ​របស់​ទ្រង់។

13 ដោយ​ហេតុ​នេះ​ទៀត បាន​ជា​យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ ឥត​មាន​ដាច់ គឺ​ដោយ​ព្រោះ​កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌បន្ទូល ជា​ដំណឹង​ពី​ព្រះ ដោយ‌សារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល​តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ​ដែល​បណ្តាល​មក​ក្នុង​អ្នក​រាល់​គ្នា​ជា​ពួក​អ្នក​ជឿ

14 ដ្បិត​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​បាន​ត្រាប់​តាម​អស់​ទាំង​ពួក​ជំនុំ​នៃ​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នៅ​ស្រុក​យូដា ពី​ព្រោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​អ្នក​ស្រុក​របស់​អ្នក​រាល់​គ្នា ដូច​ជា​ពួក​ជំនុំ​ទាំង​នោះ​បាន​រង​ទុក្ខ នៅ​ដៃ​នៃ​ពួក​សាសន៍​យូដា​ដែរ

15 ដែល​គេ​បាន​សំឡាប់​ទាំង​ព្រះ‌អម្ចាស់​យេស៊ូវ និង​ពួក​ហោរា​ផង ក៏​បាន​បណ្តេញ​យើង​ខ្ញុំ​ទៀត ពួក​នោះ​មិន​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​ទេ ហើយ​ក៏​ទាស់​ទទឹង​នឹង​មនុស្ស​ទាំង​អស់​ដែរ