១ យ៉ូហាន 2:12-18 KHOV

12 កូន​តូចៗ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ​ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់

13 ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ឈ្នះ​មេ​កំណាច​ហើយ ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ‌វរ‌បិតា

14 ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​មាន​កំឡាំង ហើយ​ព្រះ‌បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ឈ្នះ​មេ​កំណាច​ហើយ

15 កុំ​ឲ្យ​ស្រឡាញ់​លោកីយ៍ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ៍ អ្នក​នោះ​គ្មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌វរ‌បិតា​នៅ​ក្នុង​ខ្លួន​ឡើយ

16 ដ្បិត​អស់​ទាំង​សេចក្តី ដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្តី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម និង​សេចក្តី​ប៉ង‌ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្តី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះ‌វរ‌បិតា​ទេ គឺ​មក​តែ​ពី​លោកីយ៍​នេះ​វិញ

17 ឯ​លោកីយ៍​នេះ និង​សេចក្តី​ប៉ង‌ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប‌ជានិច្ច​វិញ។

18 ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់​ហើយ សព្វ​ថ្ងៃ​នេះ​កើត​មាន​ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ជា​ច្រើន ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា អា​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ត្រូវ​មក ហេតុ​នោះ​បាន​ជា​យើង​ដឹង​ថា នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់