១ យ៉ូហាន 3:10-16 KHOV

10 គឺ​ជា​យ៉ាង​នោះ​ហើយ ដែល​នឹង​សំគាល់​ថា​ជា​ពួក​កូន​ព្រះ ឬ​ពួក​កូន​អារក្ស​ទៅ​បាន ឯ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​សេចក្តី​សុចរិត ហើយ​មិន​ស្រឡាញ់​ដល់​បង​ប្អូន នោះ​មិន​មែន​មក​ពី​ព្រះ​ទេ។

11 ដ្បិត​នេះ​ឯង​ជា​សេចក្តី ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​រៀង​មក គឺ​ថា ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

12 មិន​មែន​ដូច​ជា​កាអ៊ីន ដែល​កើត​ពី​មេ​កំណាច​មក ហើយ​បាន​សំឡាប់​ប្អូន​ខ្លួន​នោះ​ឡើយ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​សំឡាប់​ប្អូន គឺ​ពី​ព្រោះ​តែ​ការ​របស់​គាត់​សុទ្ធ​តែ​អាក្រក់ ហើយ​ការ​របស់​ប្អូន​សុទ្ធ​តែ​ល្អ​វិញ​ប៉ុណ្ណោះ។

13 បង​ប្អូន​អើយ បើ​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ឆ្ងល់​ឡើយ

14 យើង​រាល់​គ្នា​ដឹង​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្តី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ពី​ព្រោះ​យើង​ស្រឡាញ់​ដល់​ពួក​បង​ប្អូន ឯ​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ជា​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ស្លាប់​នៅ​ឡើយ

15 អ្នក​ណា​ដែល​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គ្មាន​អ្នក​ណា​សំឡាប់​គេ​ណា​មួយ ដែល​មាន​ជីវិត​ដ៏​រស់​អស់​កល្ប‌ជានិច្ច​នៅ​ក្នុង​ខ្លួន​ឡើយ

16 ដោយ‌សារ​សេចក្តី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ