8 តែអ្នកណាដែលប្រព្រឹត្តអំពើបាបវិញ នោះគឺមកពីអារក្សទេ ពីព្រោះអារក្សបានធ្វើបាប ចាប់តាំងពីដើមរៀងមក ដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ
9 អស់អ្នកណាដែលកើតពីព្រះ នោះមិនដែលប្រព្រឹត្តអំពើបាបទេ ពីព្រោះពូជព្រះនៅក្នុងអ្នកនោះឯង បានជាពុំអាចនឹងធ្វើបាបបានឡើយ ដ្បិតបានកើតពីព្រះមក
10 គឺជាយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្តីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ។
11 ដ្បិតនេះឯងជាសេចក្តី ដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថា ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក
12 មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ ចុះតើហេតុអ្វីបានជាសំឡាប់ប្អូន គឺពីព្រោះតែការរបស់គាត់សុទ្ធតែអាក្រក់ ហើយការរបស់ប្អូនសុទ្ធតែល្អវិញប៉ុណ្ណោះ។
13 បងប្អូនអើយ បើលោកីយ៍ស្អប់អ្នករាល់គ្នា នោះកុំឲ្យឆ្ងល់ឡើយ
14 យើងរាល់គ្នាដឹងថា យើងបានកន្លងផុតពីសេចក្តីស្លាប់ ទៅដល់ជីវិតហើយ ពីព្រោះយើងស្រឡាញ់ដល់ពួកបងប្អូន ឯអ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នកនៅជាប់ក្នុងសេចក្តីស្លាប់នៅឡើយ