15 អ្នកណាដែលយល់ព្រមថា ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ អ្នកនោះឈ្មោះថា មានព្រះគង់នៅក្នុងខ្លួនពិត ហើយខ្លួនក៏នៅក្នុងព្រះដែរ
16 យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ
17 គឺយ៉ាងនោះហើយ ដែលសេចក្តីស្រឡាញ់បានពេញខ្នាតក្នុងយើង ដើម្បីឲ្យយើងមានសេចក្តីក្លាហាននៅថ្ងៃជំនុំជំរះ ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងរាល់គ្នាក៏យ៉ាងនោះ នៅក្នុងលោកីយ៍នេះដែរ
18 គ្មានសេចក្តីភ័យខ្លាចណា នៅក្នុងសេចក្តីស្រឡាញ់ឡើយ សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ ពីព្រោះសេចក្តីភ័យខ្លាចតែងជាប់មានសេចក្តីវេទនា ហើយអ្នកណាដែលមានសេចក្តីភ័យខ្លាច នោះមិនទាន់បានពេញខ្នាត ខាងឯសេចក្តីស្រឡាញ់នៅឡើយទេ
19 ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។
20 បើអ្នកណាថា ខ្លួនស្រឡាញ់ព្រះ តែស្អប់ដល់បងប្អូនវិញ អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាដែលមិនស្រឡាញ់បងប្អូន ដែលបានមើលឃើញទៅហើយ នោះធ្វើដូចម្តេចឡើយ ឲ្យស្រឡាញ់ដល់ព្រះ ដែលមើលមិនឃើញទៅបាន
21 មួយទៀត យើងបានទទួលបញ្ញត្តនេះពីព្រះមកថា អ្នកណាដែលស្រឡាញ់ដល់ព្រះ នោះត្រូវតែស្រឡាញ់ដល់បងប្អូនដែរ។